រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចំណតផែកុងតឺន័របន្ថែមខេត្តព្រះសីហនុ អាចឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក

-----------សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមដែលមានប្រវែង ២៥៣ម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រនេះ នឹងពង្រីកសមត្ថភាព និងទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងយើងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង ៣ ជំហាន នាពេលអនាគត។ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ អាចចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែក សម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកើនឡើងរហូតដល់ ៤៩,២៥%។កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មដែលទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ៕

អត្ថបទទាក់ទង