+++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានចុះពិនិត្យម្ហូបអាហារ បន្លែ ផ្លែឈើ ដែលដាក់តាំងលក់នៅផ្សារចុងសប្តាហ៍ នៅមាត់ទន្លេក្រុងតាខ្មៅ ដើម្បីធ្វើតេស្តរកសារធាតុគីមីហាមឃាត់។ក្នុងឱកាសចុះពិនិត្យមន្រ្ដីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល បានគូសបញ្ជាក់ថា គោលបំណង នៃការចុះពិនិត្យទំនិញ នាឱកាសនេះ គឺដើម្បីធានាសុវត្ថិភាព សុខុមាលភាព ជូនដល់ប្រជាពលរដ្ឋ ដែលមកទិញម្ហូបអាហារផ្លែឈើ និងបន្លែ ដែលដាក់លក់នៅផ្សារចុងសប្តាហ៍ ដើម្បីចៀសវាងការទទួលទានអាហារ ម្ហូបអាហារ បន្លែផ្លែឈើ នំចំណី និងភេសជ្ជ:ផ្សេងៗ ដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើ ប្រាស់ មានលួចដាក់សារធាតុគីមីហាមឃាត់។ ទន្ទឹមក្នុងការត្រួតពិនិត្យមន្ត្រីជំនាញបានពន្យល់ណែនាំ និងបង្ហាញជូនដល់ អាជីវករទាំងអស់អំពីវិធីសាស្ត្រថែទាំ ការដាក់តាំងលក់ ការរក្សាទុកមុខទំនិញអោយស្រប តាមលក្ខខ័ណ្ឌតម្រូវ ផ្នែកអនាម័យរបៀបមើលកាលបរិច្ឆេទប្រើប្រាស់ សម្រាប់ជាគុណប្រយោជន៍ដល់សុខភាពអ្នកប្រើប្រាស់។ មន្រ្ដីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល បានធ្វើតេស្តបឋម ទៅលើម្ហូបអាហារចំនួន ៣៧មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ ដើម្បីរកនូវសារធាតុគីមីហាមឃាត់ ដូចជា ស្ពៃបូកគោ ប៉េងប៉ោះ ត្រសក់ សាឡាត់ ប្រហិតសាច់គោ សាច់ក្រក ល្ហុងទុំ ស្ពៃក្រញាញ់ ប្រហុក ឆៃថាវ ខាត់ណា ផ្កាខាត់ណា មឹកបំពង់ បង្គា និងក្តាមសេះ ហើយជាលទ្ធផល នៃការធ្វើតេស្តបឋម គឺពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់នោះទេ។