ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងមន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរូបរួមបច្ច័យ ជួយកសាងអគារសិក្សាសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបរិវេណសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្ដិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះសាកលវិទ្យាធិការសាកលវិទ្យល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះសង្ឃដីកាជម្រាបជូនពីវឌ្ឍនភាពនៃការសាងសង់សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គិតមកដល់ថ្ងៃនេះ បានឃួងគ្រឹះ ចាក់ជើងតាង និងក្រវ៉ាត់ធ្នឹមបានរួចរាល់ ១០០% ហើយកំពុងបន្តចាក់សសរ នឹងឡើងប្លង់សេសន្លឹកទី១ និងគ្រោងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២៦ខាងមុខនេះ។