++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន Liquinex ជំនាញផ្នែកបច្ចេកទេសកែច្នៃទឹកស្អាត របស់ប្រទេស Singapore នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធផងដែរ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គួច ចំរើនបានបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រភពទឹកយ៉ាងច្រើន ហើយទឹកគឺជារឿងសំខាន់ណាស់ គឺជាអាទិភាពទី៣ ក្នុងចំណោមអាទិភាពទាំង៥ របស់រាជរដ្ឋាភិបាលនីតិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ពោរពេញដោយថាមពល និងចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានការប្ដេជ្ញាចិត្តទាក់ទងជាមួយការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតនេះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា សម្រាប់កម្ពុជាទឹកមាន៣ប្រភេទគឺ ទី១ទឹកសម្រាប់ស្រោចស្រប ទី២ទឹកស្អាតសម្រាប់ប្រើប្រាស់ និងទី៣គឺទឹកជំនន់។ ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថាសម្រាប់ខេត្តកណ្ដាលបច្ចុប្បន្នមានប្រជាជនប្រមាណជាង ៣.៥ លាននាក់ មាន១០១០ភូមិ ក្នុងនោះនៅសល់តែ៥០ភូមិប៉ុណ្ណោះដែលខ្វះទឹកប្រើប្រាស់ បញ្ហានេះរដ្ឋបាលខេត្តនិងខិតខំធ្វើយ៉ាងណានៅចុងឆ្នាំ២០២៥ គ្រប់ភូមិក្នុងខេត្តកណ្ដាលនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ទាំងអស់។ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ក្រុមហ៊ុន Liquinex សូមចុះធ្វើទស្សរៈកិច្ចផ្ទាល់នៅតាមបណ្ដាសេវាការផ្តត់ផ្តងទឹកស្អាតក្នុងខេត្តកណ្តាល ដើម្បីជួយគាំទ្រ ជួយកែលម្អបន្ថែម និងផ្តល់ជាធាតុចូលក្នុងការពង្រឹងគុណភាពទឹកស្អាតក្នុងខេត្ត ពីព្រោះគុណភាពទឹកគីជាការសំខាន់ណាស់ ដើម្បីពន្លឿនបញ្ហាទឹកស្អាតនេះ គឺត្រូវការចូលរួមពីវិស័យឯកជន ហើយពេលខាងមុខនេះ បន្ទាប់ពីខេត្តកណ្តាលមានបណ្តាញទឹកគ្របដណ្តប់ទូទាំងខេត្ត ខេត្តនឹងបន្តពង្រឹងលើគុណភាពទឹកបន្ថែមទៀតស្របទៅតាមស្តង់ដារ។នាឱកាសនោះ លោក Bashir Ahmed នាយកប្រតិបត្តិ ក្រុមហ៊ុន Liquinex បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយខេត្តកណ្តាល លើការអភិវឌ្ឍន៍ដំណោះស្រាយទឹកស្អាត និងបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយបច្ចេកវិជ្ជាទំនើប ស្របតាមស្តង់ដារពិភពលោកជាមួយអាជ្ញាធរខេត្តកណ្តាល ដើម្បីអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព ព្រមទាំងបានធ្វើបទបង្ហាញពីការអនុវត្តការងាររបស់ក្រុមហ៊ុន ព្រមទាំងធ្វើការពិសោធន៍ទឹកដោយប្រើឧបករណ៍ផ្ទាល់របស់ក្រុមហ៊ុនផងដែរ។។សូមបញ្ជាក់ផងដែរថា Liquinex គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធនធានទឹកក្នុងប្រទេសSingapore ដោយប្រើប្រាស់បច្ចេកវិទ្យាភ្នាសសេរ៉ាមិចកម្រិតខ្ពស់សម្រាប់ដំណោះស្រាយទឹកប្រកបដោយនិរន្តរភាព មានប្រព័ន្ធគ្រប់គ្រងគុណភាពទឹក ប្រព័ន្ធសំលាប់មេរោគ UV ប្រព័ន្ធបំបាត់ក្លិន សូម្បីតែទឹកចេញពីបន្ទប់ទឹកក៏អាចកែច្នៃយកមកប្រើប្រាស់ឡើងវិញបានផងដែរ។