ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ច កិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញការបង្កើនសុខភាពបឋម ក.ជ.ថ.ស.ប ខេត្តកណ្តាល ដោយមានការចូលរួមពី កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុកទាំង១៣ មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញ នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រសុខាភិបាល គឺជាប្រតិបត្តិប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធិភាព ជាពិសេសផ្តោត លើការផ្តល់សេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋទូទៅ ដោយ មិនប្រកាន់និន្នាការនយោបាយ។ ឯកឧត្តម បានបន្ថែមទៀតថា ជាការឆ្លើយតបទៅទស្សនទាននេះ រដ្ឋបាលខេត្តពិនិត្យឃើញថា មន្ត្រីសុខាភិបាល នៅទូទាំងខេត្ត បាននឹងកំពុងធ្វើសកម្មភាពផ្តល់សេវាយ៉ាងសកម្មនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណ:ទាំងអស់ រួមមាន៖ មន្ទីពេទ្យបង្អែកខេត្ត ស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងមានមន្ត្រីសុខាភិបាល នៅគ្រប់លំដាប់ ថ្នាក់ ព្រមទាំងសំភារ:បរិក្ខា ដើម្បីគាំទ្រការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ មានលក្ខណ:ល្អប្រសើរស្របទៅតាម គោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលបានកំណត់ទៅ តាមកម្មវិធីនីមួយៗ មានដូចជា: កម្មវិធីសុខភាព បន្តពូជ មាតាទារក និងកុមារ កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង អេដស៍ របេង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដ៏ទៃទៀត កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈ ដ៏ទៃទៀតទទួលបានលទ្ធផលល្អប្រសើរ។