ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រតិភូខេត្តចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើ ពុករលួយ នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ០៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
ប្រតិភូអញ្ជើញមកពីគណៈកម្មការទី១០មាន៖ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការ, ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការ, ឯកឧត្តម សួន លន់ សមាជិកគណៈកម្មការ,លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការ និងលោក លោកស្រី ប្រតិភូអមដំណើរមួយចំនួន។
ប្រតិភូថ្នាក់ខេត្ត និងស្រុកមាន៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ កងកម្លាំងទាំងបី, លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត, លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត, លោកប្រធានសាខាកាំកុងត្រូលខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក និងមន្ត្រីក្នុងរដ្ឋបាលស្រុកទាំងអស់អញ្ជើញចូលរួមផងដែរ។
គោលបំណង នៃកិច្ចប្រជុំរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០ ) នៅលើទឹកដីខេត្តកណ្តាល ជាពិសេសនៅក្នុងមូលដ្ឋានស្រុកលើកដែកនាពេលនេះគឺ ដើម្បីស្វែងយល់អំពីកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹង ១-វឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ២-ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ៣-ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទី៤-ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ។