រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បើកកិច្ចបូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំ និងលើកទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤

++++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុង កិច្ចបូកសរុបលទ្ធផលការងារ ៩ខែដើមឆ្នាំ និងលើកទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន ក្នុង៩ខែ ដែលបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង សហការគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់របស់មន្ត្រីគ្រប់ផ្នែកទាំងអស់។ ក្នុងនោះដែរ លោកប្រធានមន្ទីរ ក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានម៉ត់ចត់នូវបច្ចេកទេស សាងសង់ថែទាំជួសជុលផ្លូវ ស្ពាន លូរំដោះទឹក តាមស្តង់ដារប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ។

មន្ត្រីជំនាញត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ និងត្រួតពិនិត្យការកែច្នៃយានយន្តខុសបច្ចេកទេស មន្ទីរនឹងមិនមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍លើដងផ្លូវសាធារណៈឡើយ។ ការងារចម្បងរបស់មន្ទីរនាពេលនេះគឺខិតខំកែលម្អ ពង្រឹងយន្តការ និងសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ ទប់ស្កាត់ឱ្យបាននូវការកែច្នៃខុសបច្ចេកទេស ឬការដឹកជញ្ជូនលើសទម្រង់ជាដើម ជាពិសេសជំរុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា។សម្រាប់ទិសដៅការងារបន្ត លោកប្រធានមន្ទីរ បានបញ្ចាក់ថា មន្ទីរនឹងបន្តសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងខិត្តប័ណ្ណអប់រំផ្សេងៗដល់សាធារណៈជន។ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់ការសាងសង់សំណាង់គ្រប់ប្រភេទ ដែលបានសង់លើដីចំណីផ្លូវ ទូទាំងខេត្តកណ្ដាល។ មន្ទីរនឹងត្រៀមទប់ស្កាត់គ្រោះទឹកជំនន់ទឹកភ្លៀង និងទឹកស្ទឹងព្រែកត្នោត។

បន្តពង្រឹងការងារជួសជុលស្ថាបនា ថែទាំផ្លូវថ្នល់ ប្រព័ន្ធលូ និងសំណង់សិល្បការ្យ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចឱ្យបានតាមផែនការកំណត់។ បន្តការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តកែច្នៃ និងការងារត្រួតពិនិត្យរថយន្តដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់។ បន្តជម្រុញការចុះបញ្ជី យានដ្ឋានជួសជុលកែរច្នៃយានយន្តគ្រប់ប្រភេទ ជលយានយន្ត និងទូកដចម្លង មន្ទីរនឹងបន្តខិតខំអនុវត្តការងារដោយឆន្ទៈមនសិការវិជ្ជាជីវៈក្នុងនាមជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ។សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចុះបញ្ជីយានយន្តបានចំនួន ៣,០៤១គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានចំនួន ១៨៥គ្រឿង ផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មដឹកជញ្ជូនចំនួន ២ច្បាប់ ផ្តល់បណ្ណបើកបរបាន ១០,៧១៤ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធយានយន្តបានចំនួន ៤០៨គ្រឿង។

អត្ថបទទាក់ទង