រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ “ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តកណ្តាល

+++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ដួង វីរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាលប្រចាំការ វ.ស.ស. តំណាង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តកណ្តាល ក្រោមប្រធានបទ "ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១" ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងតំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្តផងដែរ។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ណុប ដារ៉ា បានបញ្ជាក់ថា ទិន្នន័យ សមាគម អង្គការមិន មែនរដ្ឋាភិបាល និងសហគមន៍ ដែលមាននៅក្នុងខេត្តកណ្តាល គិតត្រឹមរយៈពេល ៩ខែ ដើមឆ្នាំ២០២៤នេះ សរុបមានចំនួន ៥៥៦ អង្គភាព ក្នុងនោះរួមមាន៖ អង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣៣ អង្គការ។ សមាគមសរុបចំនួន ២០៣ (សមាគមមនុស្សចាស់ ១៣៦ សមាគមផ្សេងៗ ៦៧) ។ សហគមន៍ចំនួន ៨៦ (ផ្តល់ទឹកស្រោចដំណាំ ៧៦ ផ្តល់ទុនដល់សមាជិក ១០)។ មជ្ឈមណ្ឌលចំនួន ៤៧ (ថែទាំ ជួយកុមារ រៀនសូត្រ និងបង្រៀនភាសាបរទេស)។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ គ្រឹះស្ថាន និងគណបក្សនយោបាយ ចំនួន ១៣ ។ឯកឧត្តម ណុប ដារ៉ា បានបន្តថា តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្តាល បានចុះធ្វើជំរឿនតាម ទីស្នាក់ការ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានទីតាំង ស្ថិតនៅតាមបណ្តាក្រុងស្រុកទាំង១៣ ដែលទទួលបានលទ្ធផលមានចំនួនសរុប ១៦២ អង្គការ និង៨៨ សមាគម ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ក្នុងឱកាសនោះដែរ ឯកឧត្តម ដួង វីរ័ត្ន បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លា និងវាងវៃរបស់សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ហើយរាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ឯកឧត្តម ដួង វីរ័ត្ន បានផ្តាំផ្ញើដល់អង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន និងបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។សូមជម្រាបថា វេទិកានេះ បានបើកឱ្យមានការពិភាក្សាគ្នាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិល ដោយពួកគាត់បានបង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះ ដែលបានផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហា ប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាង អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង