រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្ត ចុះពិនិត្យពិនិត្យនៅទីតាំងត្រៀមរៀបចំពិធីរត់ភ្លើងគប់ ដើម្បីអបអរសាទរពិធី បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

+++++++++ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងាររួមមានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកៀនស្វាយ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនៅទីតាំងត្រៀមរៀបចំពិធីរត់ភ្លើងគប់ ខេត្តកណ្តាល ដើម្បីអបអរសាទរពិធី បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រង់ចំណុចការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ។ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តម ប៊ុន ផេង បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវ ត្រៀមរៀបចំទីធ្លាសម្រាប់រៀបចំពិធីនេះឱ្យបានសមស្រប ត្រូវគិតគូរទៅលើការរៀបចំរបៀបរៀបរយរបស់សមាសភាពដែលត្រូវចូលរួមឱ្យបានល្អប្រសើរ ច្បាស់លាស់ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបច្ចេកទេសនៃការកាន់ភ្លើងគប់ និងការរត់ពីចំណុចមួយទៅចំណុចមួយឱ្យបានរលូន ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលរងខេត្តក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរព័ត៌មានខេត្តកណ្ដាល ត្រូវត្រៀមក្រុមការងារផ្នែកបច្ចេកទេសថត រូបនៅផ្ទាល់ដី និងការថតរូបពីលើអាកាស ព្រមទាំងចំនុចសំខាន់ៗ នៃអ្នកចូលរួមពេលក្បួនដង្ហែ ធ្វើយ៉ាងណាឱ្យមានលក្ខណកាន់តែល្អប្រសើរ ដើម្បីត្រៀមលក្ខណៈសម្បត្តិ នាពិធីរត់ភ្លើងគប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខ។សូមជម្រាបថា បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ខេត្តទាំង៤ រួមមានខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ភ្លើងគប់កីឡាជាតិ នឹងបន្តដំណើរទៅកាន់ខេត្តកណ្តាល ត្រង់ចំនុចទីតាំងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៣០ ខែតុលាខាងមុខនេះ រួចនឹងបន្តចេញដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក។គួររំលឹកផងដែរថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤នេះដែរ បានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ប្រភេទកីឡា លើ៥៥វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អត្ថបទទាក់ទង