+++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពី បែបបទនីតិវិធី នៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ជូនមន្ត្រីពាក់ព័ន្ធតាមបណ្តាក្រុង-ស្រុកទាំង១៣ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ លោជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានស្នើរដល់ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុកត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់បទបង្ហាញ និងជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈប្រយោជន៍អត្រានុកូលដ្ឋានឱ្យកាន់តែច្បាស់ថា សំបុត្រអត្រានុកូលដ្ឋានទាំងអស់ មានសារៈសំខាន់កម្រិតណាសម្រាប់យើងម្នាក់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា និងកាត់បន្ថយនូវបាតុភាពនានាជាយថាហេតុក្នុងការធ្វើនីត្យានុកូលកម្មលើ ឯកសារបញ្ជាក់អត្តសញ្ញាណ និងសេចក្តីចម្លងសសំបុត្រអ អត្រានុកូលដ្ឋានជាដើម។លោកជំទាវបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ពីព្រោះនឹងមានការធ្វើបទបង្ហាញអំពីសេចក្ដីណែនាំថ្មីៗ ដែលក្រសួងមហាផ្ទៃបានសម្រេចដាក់ចេញឱ្យអនុវត្តទៅលើការអនុវត្តការងារអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃ ព្រមទាំងបែបបទនីតិវិធី នៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានរបស់ក្រសួងមហាផ្ទៃ ពីវាគ្មិនជំនាញ ហើយវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យលោក-លោកស្រី ដែលជាមន្ត្រីទទួលបន្ទុកនៅមូលដ្ឋានផ្ទាល់ បានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីក្នុងការអនុវត្តការងារ ការដោះស្រាយបញ្ហានានា និងខ្លឹមសារនៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងទិសដៅជាអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាអត្រានុកូលដ្ឋានគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស និងត្រឹមត្រូវតាមច្បាប់។ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយយល់ឃើញពីសារៈប្រយោជន៍ដ៏សំខាន់ និងសចក្តីត្រូវការជាបន្ទាន់នៃការងាអត្រានុកូលដ្ឋាន ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត ជាបន្តបន្ទាប់ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានដែលខុសឆ្គង ឬបញ្ជីអត្រានុកូលដ្ឋានដែលចុះជាន់គ្នាឱ្យបានឆាប់រហ័ស ទូលំទូលាយ និងងាយស្រួល ក្នុងគោលបំណងសម្រេចបានគោលដៅ "មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ " ស្របតាមផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦។ ឯកឧត្តម អេង ច័ន្ទតារា បានបន្ថែមថា ក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញសេចក្តីណែនាំថ្មី ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដើម្បីជួយសម្រួលដល់ការកែតម្រូវទិន្នន័យ ព្រមទាំងអនុវត្តសេចក្តីសម្រេចរបស់ តុលាការពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពសំដៅ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ វាគ្មិនជំនាញបានធ្វើបទបង្ហាញចំនួន៤ រួមមាន៖ ១. អំពីទិន្នន័យដែលអាចកែតម្រូវបាន និងការមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។ ២. សមត្ថកិច្ចក្នុងការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន។ ៣. នីតិវិធីក្នុងការកែតម្រូវទិន្នន័យ និងមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋាន និងទី៤. នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។ បន្ទាប់ពីការធ្វើបទបង្ហាញបានបញ្ចប់ សមាជិកអង្គប្រជុំក៏បានលេីកជាសំណួរជាច្រើន ដោយមានការឆ្លេីយតប់ពីវាគ្មិនយ៉ាងផុលផុសអស់រយៈពេលមួយព្រឹកពេញផងដែរ។