ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងពិធីចែករង្វាន់សិស្សឆ្នើមនាដំណាច់ឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល ។បន្ទាប់ពីស្តាប់របាយការណ៍របស់លោកនាយកសាលារួចមក ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានថ្លែងថា៖ ថ្ងៃនេះគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស បានរៀបចំពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ដែលជាថ្ងៃចូលរៀនក្នុងឆ្នាំសិក្សាថ្មីរបស់ប្អូនៗសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។ ក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានាដែលតែងតែបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប។ ឯកឧត្តមបានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗពាក់ព័ន្ធនឹងវិស័យអប់រំដូចមានក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះសម្រាប់ដំណោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់មធ្យមសិក្សាតាមការពង្រឹងកិច្ចការសំខាន់ៗ។ ឯកឧត្តមបន្ថែមថា៖ដើម្បីសម្រេចបានទិសដៅនាពេលខាងមុខ ជាពិសេសក្នុងឆ្នាំសិក្សាថ្មីនេះ ឯកឧត្ដមបានជំរុញដល់លោកគ្រូ អ្នកគ្រូ សូមចូលរួមអោយបានសកម្មពេញទំហឹងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បី ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅ អប់រំ ជាពិសេសការសម្រេចបានសាលារៀនគំរូ ក្នុងនោះឪពុក ម្តាយ និងឤណា ព្យាបាលរបស់សិស្ស សូមចូលរួមចំណែកឱ្យសកម្មខ្លាំងក្លា ដល់ការជួយអប់រំកូនចៅរបស់ខ្លួន។ជាមួយគ្នានេះ ឯកឧត្តម អភិបាលរងខេត្តបានធ្វើការផ្តាំផ្ញើដល់ក្មួយៗសិស្សស្សានុសិស្សទាំងអស់សូមចៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា និងបានចែកនូវវិញ្ញាបនបត្រ និងបណ្ណសរសេីរដល់សិស្សានុសិស្សដែលបានជ័យលាភីផងដែរ៕
- 4
- ដោយ អ៊ុន ស្រីកែវ