រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់រដ្ឋបាលខេត្តកណ្ដាល

+++++++++ខេត្តកណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាល្បែងខុសច្បាប់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀនជាដើម ជាពិសេសមុខសញ្ញាបោកប្រាស់តាមប្រព័ន្ធ online និងកម្ចីខុសច្បាប់តាមប្រព័ន្ធ onlineផងដែរ ធ្វើយ៉ាងណារួមសហការគ្នាបង្ក្រាបឱ្យអស់ពីមូលដ្ឋានរៀងៗខ្លួនមូលដ្ឋាន។ឯកឧត្តមបានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់រដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត។ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានលើកទឹកចិត្តដល់កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹងការងារភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតនៅមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែល្អរឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការដោះស្រាយបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះ។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា លើការងារផ្តល់សេវាជូនពលរដ្ឋ សូមឱ្យអាជ្ញាធរ ក្រុង-ស្រុកត្រូវតែខិតខំប្រើសេវា ឱ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត លុបបំបាតនូវអំពើអសកម្មនានា កុំធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវខិតខំពន្លឿនការផ្ញើរបាយការណ៍របស់ខ្លួនមករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលាតាមការកំណត់ ដើម្បីត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។

អត្ថបទទាក់ទង