+++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរក្រុងស្រុក និងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានយល់ច្បាស់ អំពីចរិកបែបផែន នៃបទល្មើសនានាដើម្បីឲ្យពួកគាត់បានយល់ដឹង អាចគេចផុតពីការរងគ្រោះមានដូចជា៖ការបោកប្រាស់គ្រប់ប្រភេទតាមប្រព័ន្ធ Online អំពើហិង្សា ការរំលោភបំពានផ្លូវភេទ និងអំពើចោរកម្មជាដើម។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែតុលា ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអភិបាលក្រុងស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជុំវិញខេត្តផងដែរ។ពាក់ព័ន្ធនឹងករណីអំពើហិង្សា ជាពិសេសករណីដែលកើតឡើងពីការលែងលះគ្នាមិនដាច់ស្រេច ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ស្ថាប័នតុលាការ និងអាជ្ញាធរមូលដ្ឋាន ត្រូវចេះសម្របសម្រួលដល់ភាគីទាំងពីរកុំឲ្យឈានដល់អំពើហិង្សា ឬអាចឈានដល់ការសម្លាប់ ជាក់ស្ដែងដូចជាករណីជះទឹកអាស៊ីតដែលកើតចេញពីការលែងលះគ្នាមិនដាច់ស្រាច់ នៅស្រុកកណ្ដាលស្ទឹងនាពេលកន្លងមក គឺជាចរិតនៃបទល្មើសដ៏ឃោរឃៅ ករណីនេះអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ធ្វើយ៉ាងណាកុំឲ្យកើតមានឡើងជាដាច់ខាតនៅមូលដ្ឋានខ្លួន ដោយត្រូវជួយសម្របសម្រួលពន្យល់ណែនាំដល់ភាគីទាំងសងខាងឲ្យត្រូវគ្នាវិញ ករណីមិនអាចផ្សះផ្សារបានត្រូវណែនាំដល់ភាគីទាំងសងខាងត្រូវរស់នៅដោយសេចក្តីសុខរៀងៗខ្លួន ជៀសវាងការប្រើអំពើហិង្សាផ្សេងៗ ឬឈានដល់ការសម្លាប់បគ្នា ដែលអាចបណ្ដាលឲ្យភាគីម្ខាងស្លាប់ ឯម្ខាងទៀតមានទោស ហើយបន្សល់ទុកកូនចៅជាបន្ទុកដ៏ធ្ងន់ធ្ងរមួយដល់សង្គម។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំង អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកតាមដាន និងកំណត់មុខសញ្ញាក្នុងតំបន់ និងជនដែលងាយរងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះករណីនេះ ជាពិសេសត្រូវស្រាវជ្រាវរកជនល្មើសដែលបានប្រព្រឹត្តមកដាក់ទោសដោយគ្មានការលើកលែង។ ចំពោះករណីប្លន់ ជាឧទាហរណ៍ដូចជាករណីប្លន់សម្លាប់យកម៉ូតូនៅក្រុងក្សត្រកាលពីពេលថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់កម្លាំង ត្រូវបន្តស្រាវជ្រាវវែកមុខជនល្មើសយកមកដាក់ទោសតាមច្បាប់ ហើយគ្រប់មូលដ្ឋានត្រូវខិតខំង្ក្រាបករណីប្លន់ឲ្យមានប្រសិទ្ធភាពខ្ពស់មិនត្រូវបន្តឲ្យអំពើឃោរឃៅនេះកើតឡើងក្នុងមូលដ្ឋានខ្លួនជាដាច់ខាត់។ដោយឡែកចំពោះករណីបោកប្រាស់តាម Online ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ត្រូវស្រាវជ្រាវរកទីតាំងក្នុងភូមិសាស្ត្រខេត្តកណ្ដាល ហើយគ្រប់គ្រងឲ្យបានចំនួនជនបរទេស ទាំងការស្នាក់នៅ និងការធ្វើការងារ។ ជាពិសេសកម្ចីតាមOnline ដែលបង្កប់នូវការបោកប្រាស់ និងការគំរាមកំហែង អាជ្ញាធរ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវទទួលយកសំណូមពរ ឬពាក្សបណ្ដឹងពីប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដើម្បីចាត់វិធានការដោះស្រាយ ត្រូវខិតខំស្រាវជ្រាវស្វែងរកជនល្មើសដើម្បីចាត់វិធានការតាមច្បាប់។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមកម្លាំងដើម្បីជួយគាំទ្រក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញខាងមុខនេះ។ គ្រប់គណៈកម្មការទូកខេត្តកណ្ដាលត្រូវរៀបចំសម្រាប់ធ្នាប់ទូកឲ្យបានល្អ គ្រប់គណៈកម្មការនិងអនុគណៈកម្មការ អភិបាលក្រុង-ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរក្សាឲ្យបាននូវចំនួនទូករបស់ខេត្តកណ្ដាលដែលបានបញ្ជូនទៅចូលរួមទាំង ១០៧ទូក រហូតដល់ពិធីកាត់ព្រាត់ ក្នុងករណីទូកដែលមានឈ្មោះហើយអវត្តមានមិនបានចូលរួម ឆ្នាំក្រោយមិនអនុញ្ញាតឲ្យចូលរួមទៀតឡើយ ចំពោះទូកដែលមិននៅដល់ចប់ក្នុងពិធីកាត់ព្រាត់ ក៏មិនអនុញ្ញាត្តិឲ្យចូលប្រកួតនៅឆ្នាំក្រោយផងដែរ គ្រប់ទូកទាំងអស់ទោះបីចាញ់ ឬឈ្នះត្រូវនៅដល់ចប់ចុងចប់ដើម។