ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់កីឡាករអុំទូកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ដោយត្រូវគោរពឱ្យបាននូវវិន័យ ស្ដាប់ការណែនាំរបស់គណៈកម្មការ ហើយត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា ឬប្រព្រឹត្តនូវអំពើអ្វីមួយដែលយើងទាំងអស់គ្នាមិនចង់ឃើញ ដែលនាំឱ្យអាប់ឱនកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កីឡាករដទៃទៀត។ការណែនាំនេះធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ជាមួយកីឡាករចំណុះទូក ទាំង១០៧ ទូទាំងខេត្តកណ្ដាល ដែលបានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលពិធីសំណេះសំណាលនេះ មានការចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានា។ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការចូលរួមប្រណាំងទូកនៅពេលនេះ មិនត្រឹមតែដើម្បីឈ្នះ និងចាញ់នោះទេ គឺដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បង្កើតភាពសប្បាយរីករាយ សាមគ្គីភាព ឯកភាពគ្នា ក្រោមម្លប់នៃសុខសន្តិភាព និងដើម្បីឆ្លុះបញ្ចាំងដល់បរទេសបានឃើញនូវទំនៀមទំនាប់ ប្រពៃណី ដ៏ផុសផងរបស់ខ្មែរយើង។ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់កីឡាករទូកទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ បរិភោគទឹកឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមចូលរួមអុំទូកឱ្យទទួលបានជោគជ័យក្នុងរយៈពេល ៣ថ្ងៃនេះ។ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល សូមថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ និងសប្បុរសជននានា បានចូលរួមឧបត្ថម្ភ ជូនដល់កីឡាករចំណុះទូកខេត្តកណ្តាល ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤ ដែលរួមមាន ៖ - ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងលោកជំទាវ អ៊ួន សុវណ្ណារិន ឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១,០៧០ កេស ។ - អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ឧបត្ថម្ភភេសជ្ជៈចំនួន ៨៥៦ កេស និងទឹកបរិសុទ្ធចំនួន ១,០០០ កេស។ - លោកជំទាវ ជា សុជាតា ឧបត្ថម្ភទឹកបរិសុទ្ធវិតាល់ដបតូច ចំនួន ១០០ កេស, អង្ករ ២តោន និងថវិកាចំនួន ២លានរៀល។ - ឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាននៅកម្ពុជា និងឯកឧត្តម ប៊ុន រ៉ាវុធ ព្រមទាំងក្រុមការងារ ឧបត្ថម្ភទឹកបរិសុទ្ធ ៥០០កេស, អង្ករ ១០តោន និងថវិកាចំនួន ១០លានរៀល ។សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តកណ្ដាលមានទូកចំនួន ១០៧ទូក និងមានកីឡាករសរុបចំនួន ៦៥៩០នាក់ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះរួមមាន៖ ទូកអុំបុរស ចំនួន ៥៣ទូក, ទូកចែវបុរស ចំនួន១៧ទូក និងទូកខ្នាតអន្តរជាតិ ចំនួន៣៧ទូក។