ពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃលើកទី២៨ របស់ស្រុកខ្សាច់កណ្តាល ត្រូវបានប្រារព្វធ្វើឡើងនារសៀលថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ក្រោមព្រះអធិបតីភាព-អធិបតីភាព ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិការវត្តស្វាយជ្រុំ ព្រះតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះមេគណខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
យោងតាមព្រះសង្ឃដីកាស្វាគមន៍ និងរបាយការណ៍សង្ខេបស្តីពីវិស័យព្រះពុទ្ធសាសនា របស់ស្រុកខ្សាច់កណ្តាល ដោយព្រះឃោសធម្ម ញែម សុគន្ធា ព្រះអនុគណស្រុកខ្សាច់កណ្ដាល បានមានព្រះសង្ឃដីកាថា អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃលើកទី២៨ នារសៀលនេះ គឺដើម្បីពិនិត្យមើលលទ្ធផលនៃការអនុវត្តន៍សង្ឃប្រកាស របស់អនុសង្ឃវច្ឆរមហាសន្និបាតរបស់មន្ត្រីសង្ឃក្នុងឆ្នាំកន្លងទៅ និងពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់លើការងារ ពុទ្ធសាសនានាពេលបច្ចុប្បន្ន និងសំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាសាកសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទនានា ដល់សេចក្តីថ្លៃថ្នូរ ការគង់វង្សស្ថិតស្ថេរ យូរអង្វែងនៃព្រះពុទ្ធសាសនា ពង្រឹងការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ធានាដល់ការលើកកម្ពស់អប់រំចរិយាធម៌ និងសីលធម៌សង្គម ពង្រឹងគុណភាពពុទ្ធកសិក្សា ដើម្បីអភិវឌ្ឍធនធាន បុព្វជិត ពុទ្ធសាសនិក លើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃ វត្តអារាម ចូលរួមការងារសង្គម អប់រំសីលធម៌ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាលលើកទី ២៨ នេះនឹងពិនិត្យពិភាក្សារិះរកយុទ្ធវិធី និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនថែមទៀត ដូចជាការងារពង្រឹងរចនាសម្ព័ន្ធថ្នាក់ដឹកនាំសង្ឃ ការងារគ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយព្រះធម៌វិន័យ ក៏ដូចជាការចូលរួមចំណែកអនុវត្តបន្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី ៦ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាស្ថិរភាព សន្តិភាព នឹងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់គ្រប់វត្តអារ៉ាមទាំងអស់ក្នុងស្រុក ចំពោះរដូវចូលព្រះវស្សា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុុំបិណ្ឌនាពេលខាងមុខ សូមយកចិត្តទុកដាក់ពង្រឹងវិធានការណ៍ការពារសុវត្ថិភាពសង្គម ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជម្ងឺកូវីដ-១៩ ផ្សព្វផ្សាយនូវសារអប់រំណែនាំនានា អំពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដល់សាធារណៈជន ពុទ្ធបរិស័ទ សូមបង្កើនការប្រុងប្រយ័ត្ន សំដៅបង្ការទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ រៀបចំកន្លែងពិនិត្យសុខភាព ឧបករណ៍វាស់កម្ដៅ សំអាតអនាម័យដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជេលឬ ទឹកអាកុល និងពាក់ម៉ាស់ជាប្រចាំនៅពេលធ្វើដំណើរចេញពីផ្ទះ រក្សាគម្លាតសុវត្ថិភាពយ៉ាងហោច ១ម៉ែត្រ ទៅ ១.៥ម៉ែត្រ។
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច ព្រះឃោសធម្ម ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទគ្រប់វត្ត ដែល
តែងតែចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងសង្គម ដែលបានបរិច្ចាគនូវសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ព្រមទាំងបានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យចូលរួមជួយកសាងទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយបានជួយឧបត្ថម្ភដល់ជនរងគ្រោះដោយធម្មជាតិ និងគ្រួសារក្រីក្រ ។
ជាក់ស្ដែង កាលពីព្រឹកម៉ិញនេះ សម្ដេចព្រះឃោសធម្ម សមុហ៍អនុគណព្រះចៅអធិការវត្តព្រះវិហារសួគ៌ ព្រះបាឡាត់គណខេត្តកណ្ដាល និងព្រះសង្ឃ បានធ្វើពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំវិហារសួគ៌ចំនួន១៤៥ គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន៖
អង្ករ៣០គីឡូ, មី១កេស, ត្រីខ១យួរ, ទឹកត្រី១កេស, ទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល ។
នាពិធីនេះដែរមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ស្រុកតាមឋានានុក្រម គ្រូចៅអធិការវត្តទាំង៤១អង្គ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត លោកតាអាចារ្យគណកម្មាធិការវត្តនៅទូទាំងស្រុក លោកស្នងការរង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុក សរុប៤០០អង្គ-នាក់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បាននាំយកនូវបច្ច័យដើម្បីប្រគេនជូនដល់ព្រះសង្ឃ និងអ្នកចូលរួមចំនួន ៤០៥ អង្គ-នាក់ក្នុងនោះ៖
-ព្រះអនុគណស្រុកមួយអង្គប្រគេនបច្ច័យ១លានរៀល
-ព្រះសមុហ៍គណ និងលេខាគណខេត្ត ២អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ ៥០ម៉ឺនរៀល
-មន្ត្រីសង្ឃខេត្តស្រុកចំនួន៩អង្គ ក្នុងមួយអង្គបច្ច័យ១០ម៉ឺនរៀល
-គ្រូចៅអធិការវត្តនិមន្តមកពីវត្តទាំង៤១វត្តទូទាំងស្រុក ប្រគេនបច្ច័យក្នុងមួយអង្គ១០ម៉ឺនរៀល
-ព្រះសង្ឃចូលរួមចំនួន១១៧អង្គ ក្នុងមួយអង្គប្រគេនបច្ច័យ៥ម៉ឺនរៀល
-មន្ត្រីរាជការ កងកម្លាំង មេឃុំ មេភូមិ ចំណុះរដ្ឋបាលស្រុកខ្សាច់កណ្ដាល និងលោកតាអាចារ្យគណៈកម្មការវត្តចំនួន ២៧៥នាក់ក្នុងមួយនាក់៤ម៉ឺនរៀលផងដែរ។