ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។ ក្នុងពិធីចុះហត្ថលេខានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ដើម្បីក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ត់ចត់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា កសាងសង្គមនីតិរដ្ឋប្រកបដោយភាពសុខដុមរមនា ហើយភាគច្រើននៃបណ្តឹងដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺពាក់ព័ន្ធវិវាទដីធ្លី ។ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បានលើកឡើងថា៖ អ.ដ.កគឺជាយន្តការបំពេញបន្ថែម ក្នុងការដោះស្រាយវិវាទដែលមានស្រាប់នៅព្រះរជាណាចក្រកម្ពុជា ហើយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថាអ.ដ.កនឹងចូលរួមចំណែកក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតកៀកជិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួល ផ្សះផ្សាវិវាទជូនដល់គូភាគីបានដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះឈ្នះ កាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជំរះក្ដី ព្រមទាំងរួមចំណែកលើកកម្ពស់ភាពសុខដុមរមនានៅក្នុងសហគមន៍ និងសន្តិភាព។ ឯកឧត្ដម បន្តថា៖ ពិធីចុះហត្ថលេខាអនុស្សានៈនៃការយោគយល់គ្នានេះ វាជាការពង្រឹងយន្តការនៃការផ្សព្វផ្សាយវិវាទក្រៅប្រព័ន្ធតុលាការ និងជាការរួមចំណែកមួយបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពកាន់តែលឿន ឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របតាមទិសដៅ និងចក្ខុវិស័យនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ តួអង្គទាំងអស់ត្រូវប្រកាន់នូវក្រោមសីលធម៌វិជ្ជាជីវៈក្នុងការសម្របសម្រួល ផ្សះផ្សាវិវាទ ជៀសវាងឱ្យបាននូវការបង្ខិតបង្ខំ ការធ្វើការសម្រេចចិត្តណាមួយជំនួសឱ្យគូភាគី។