+++++++++++++ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំបិទវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក តាមបែបវិមជ្ឈការ សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបជោប់ឆ្នោតថ្មី អាណត្តិទី៤ នារសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនៅមូលដ្ឋាន ទើបរដ្ឋបាលខេត្តកណ្តាល រៀបចំបើកវគ្គ បណ្តុះបណ្តាលតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាល តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដល់សមាជិក ក្រុមប្រឹក្សាក្រុង ស្រុក អាណត្តិទី៤ ដែលមិនធ្លាប់ជាសមាជិកក្រុមប្រឹក្សាពីមុនមក។សម្រាប់វគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុកជាប់ឆ្នោតថ្មី អាណត្តិទី៤ ដែលរដ្ឋបាលខេត្តកណ្តាល សហការជាមួយ សមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកណ្តាល រៀបចំឡើងនាឱកាសនេះ មានសិក្ខាកាម សរុបចំនួន ១០១ នាក់ ដែលអញ្ជើញមកបណ្តាក្រុង ស្រុក នៃខេត្តកណ្តាល។ ឯកឧត្តមបន្តថា៖វគ្គបណ្តុះបណ្តាលតម្រង់ទិសរយៈពេល ០១ថ្ងៃកន្លះនេះ បើទោះបីជាមានរយៈពេលខ្លី និងមិនទាន់ គ្របដណ្តប់លើប្រធានបទគ្រប់គ្រាន់យ៉ាងណាក្តី ប៉ុន្តែឯកឧត្តមជឿជាក់យ៉ាងប្រាកដថា វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ ពិតជានឹងផ្តល់នូវចំណេះដឹងគ្រឹះដល់សិក្ខាកាមគ្រប់រូប។ ឯកឧត្តមបានផ្តាំផ្ញើដល់អស់លោក លោកស្រី នៅពេលត្រឡប់ទៅបំពេញការងារនៅតាមរដ្ឋបាលក្រុង ស្រុកវិញ ត្រូវចេះយកចំណេះដឹងដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ ទៅឆ្លុះបញ្ចាំង ប្រើប្រាស់ និងកែច្នៃនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីដុសខាត់ចំណេះដឹង និងសមត្ថភាពរបស់យើងឱ្យកាន់តែប្រសើរបន្ថែមទៀត។ការរៀនសូត្រនៅក្នុងថ្នាក់រៀន គ្រាន់តែជាការក្រេបជញ្ជក់បំពេញបន្ថែមចំណេះដឹងរបស់យើងប៉ុណ្ណោះ នៅក្នុងការងារជាក់ស្តែង ចំណេះធ្វើ ដើរតួនាទីកាន់តែសំខាន់ថែមទៀត។ បើយើងគ្រាន់តែមានចំណេះដឹងនៅក្នុងខ្លួនប៉ុន្តែមិនអាចបំពេញការងារបានល្អ និងជោគជ័យដែលអាចឱ្យអ្នកដទៃជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងមើលឃើញ និងទទួល ស្គាល់ពីស្នាដៃ និងសមិទ្ធផលការងាររបស់យើងទេនោះ ចំណេះដឹងទាំងនោះទោះជាមានដល់កម្រិតណាក៏ដោយក៏ពុំមានន័យអ្វីដែរ។ ក្នុងឱកាសនោះឯកឧត្តមក៏ថ្លែងអំណរគុណចំពោះ គ្រូបង្គោលថ្នាក់ខេត្ត និងទីចាត់ការគ្រប់គ្រងធនធាន មនុស្សសាលាខេត្ត ដែលបានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះឡើង។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងសង្ឃឹមថាទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលជាសេនាធិការរដ្ឋបាលខេត្តនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីរាជការដែលកំពុងបំពេញការងារនៅសាលាខេត្ត សាលាក្រុង សាលាស្រុក និងរដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្តកណ្តាល ដើម្បីលើកកម្ពស់សមត្ថភាព បំពេញការងាររបស់មន្ត្រីរាជការឱ្យកាន់តែប្រសើរឡើងសំដៅពង្រឹងប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។