++++++++++++ខេត្តកណ្តាល៖ សិក្ខាសាលានៅពេលនេះ គឺជាចំនុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្ដល់ឱកាសផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងផែនការរបស់ស្រុក-ឃុំ ជាមួយផែនការរបស់មន្ទីរជំនាញ អង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនទាំងអស់ នៅតាមសហគមន៍ ដើម្បីរួមគ្នាពិភាក្សា និងគាំទ្ររាល់គម្រោងដែលជាតម្រូវការជាក់ស្ដែង សំដៅជួយអភិវឌ្ឍន៏មូលដ្ឋានឱ្យកាន់តែមានការរីកចំរើន។ ហើយឯកឧត្តមអភិបាលរងខេត្តនឹងទទួលយកនូវរាល់សំណើរ និងសំណូមពរនានា ដែលបានលើកឡើងដោយ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីយកមកអនុវត្តក្នុងផែនការឆ្នាំ២០២៥ ឱ្យស្របតាមស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។នេះជាការលើកឡើង របស់ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល ថ្លែងក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល នៅសាលាស្រុកលើកដែក នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធជាង៦០នាក់។ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងឱ្យមានភាពរលូន ត្រូវពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងដែលជាតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់គម្រោងនីមួយៗផងដែរ ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ២០២៥ របស់ខ្លួន និងខិតខំអនុវត្តឱ្យមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ បញ្ហាសំខាន់គឺចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រនោះទេ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាបន្ថែមទៀត ដើម្បីទទួលបានការគាំទ្រនៅពេលក្រោយទៀត។ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានស្នើដល់មន្ទីរជំនាញជុំវិញខេត្ត អង្គការនានាដែលបានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយឃុំ ស្រុក សូមជួយប្រែក្លាយពីការសន្យាគាំទ្រ ទៅជាការអនុវត្តជាក់ស្តែងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅជួយកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែកទាំងមូល។ បើទោះបីជាគម្រោងមួយចំនួនរបស់ឃុំ និងស្រុកនៅសេសសល់ពុំទាន់មានការគាំទ្រក៏ពិតមែន នោះពុំមែនមានន័យថាមិនសំខាន់ មិនចាំបាច់នោះទេ តែវាក៏អាស្រ័យទៅលើឱកាស ធនធាន និងលទ្ធភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរជំនាញ អង្គការសង្គមស៊ីវិលនិងសប្បុរសជននានាផងដែរ។លោកអភិបាលស្រុក បានបញ្ជាក់ថា ឆ្លងតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងឃុំ-ស្រុក ជាមួយរមន្ទីរជំនាញជុំវិញខេត្ត អង្គការ និងសប្បុរសជននានា គម្រោងរបស់ឃុំទទួលបានការគាំទ្រ សរុបមានចំនួន ១០៧គម្រោង ស្រុកទទួលបានការគាំទ្រចំនួន ៧គម្រោង។