+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយនៅវិទ្យាល័យទេពប្រណម្យ ក្នុងឱកាសនៃ “កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់សម យុទ្ធរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងពិធីចែកអំណោយដល់សិស្សានុសិស្សនៅវិទ្យាល័យទេពប្រណម្យ ស្រុកពញាឭ ខេត្តកណ្តាល ក្នុងឱកាសនៃ “កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងការធ្វើលំហាត់សម យុទ្ធរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា៖ពិធីចែកអំណោយដល់សិស្សានុសិស្សនៅវិទ្យាល័យទេពប្រណម្យនាពេលនេះនឹងក្លាយជាប្រពៃណីដ៏សប្បុរសរបស់កងទ័ពទាំងបីប្រទេស កម្ពុជា-ឡាវ- វៀតណាម ដែលតែងតែប្រតិបត្តិរួមគ្នាលើការងារសុខាភិបាល អប់រំ បន្ថែមលើប្រតិបត្តិការ នៃវិស័យការពារជាតិ ហើយស្របពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត នៃសន្និសីទអន្តរជាតិនៃគណបក្ស នយោបាយអាស៊ី (ICAPP) កិត្តិយស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានដឹកនាំ “កិច្ចប្រជុំអចិន្ត្រៃយ៍បណ្តាគណបក្សនយោបាយនៅអាស៊ី ICAPP លើកទី១២” ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សារ” នៅរាជធានីភ្នំពេញ ទទួលបាន ជោគជ័យយ៉ាងធំធេងផងដែរ។ ឯកឧត្តមបន្ថែមថា៖បច្ចុប្បន្នក្នុងឆ្នាំសិក្សា ២០២៣-២៤ វិទ្យាល័យទេប្រណម្យ មានសិស្សសរុបចំនួន ១៣០៥នាក់ ស្រី ៦៩៨នាក់ និងមានលោកគ្រូ អ្នកគ្រូសរុបចំនួន ៩៣នាក់។ ដោយឡែកចំពោះលទ្ធផលមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សប្រឡងជាប់ មានចំនួន ១៤៤នាក់ លើ១៨៣នាក់ (ស្រី ៩២នាក់) ស្មើនឹង ៧៨.៦៩% ក្នុងនោះទទួល បាននិទ្ទេសA ចំនួន២នាក់ (ស្រី២នាក់)។ ឯកឧត្តមបញ្ជាក់បន្ថែមថា៖អំណោយសប្បុរសធម៌ ដែលនឹងត្រូវផ្តល់ជូនដល់សិស្សានុសិស្សនាពេលបន្តិចទៀត នេះគឺជាសមិទ្ធផលដ៏គាប់ប្រសើរនៃកិច្ចសហការរវាងគ្រឹះស្ថានអប់រំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌក្រសួងការពារជាតិប្រទេសទាំងបី។ អំណោយទាំងអស់ នេះមិនត្រឹមតែអាចជួយផ្គត់ផ្គង់ដល់ក្មួយៗសិស្សានុសិស្សក្នុងការសិក្សារៀនសូត្រ ដើម្បីអាចក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធនធានដ៏មានតម្លៃរបស់ជាតិនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងក្លាយជានិមិត្តរូបដ៏ថ្លៃថ្លា នៃចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យការពារជាតិរវាងប្រទេសទាំងបីក្នុងនាមប្រទេសក្បែរខាងគ្នា និងជាចំណងទំនាក់ទំនង ផ្ទាល់រវាងប្រជាជន និងប្រជាជន។ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ពិធីចែកអំណោយនេះនឹងចូលរួមជួយជំរុញដល់ស្មារតី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបី ពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សំដៅរួមចំណែក ពង្រឹងចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង៕