ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកពញាឮ ព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាស្រុកញាឮ ខេត្តកណ្ដាល។
ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបីស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំណុះរដ្ឋបាលស្រុកពញាឮសរុប ៥១៣នាក់។
យោងតាមរបាយការណ៍លទ្ធផលការអនុវត្តការងាររបស់រដ្ឋបាលស្រុក ឯកឧត្តម បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សា គណៈអភិបាល កងកំលាំងប្រដាប់អាវុធទាំងបី និងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច ខិតខំបំពេញការងារកន្លងមក រហូតសម្រេចបានសមិទ្ធផលធំៗ ជាច្រើនគួរជាទីមោទនៈ និងសូមលើកទឹកចិត្តបន្តការខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យ។
ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែង ប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យស្ថិតនៅកន្លែងតែមួយ គឺក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឱ្យកាន់តែជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនដល់ជនងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ កន្លងទៅបានបើកផ្តល់សាច់ប្រាក់ក្នុងជុំទី១៣ហើយ ដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ជាប្រភេទក្រ១ និងក្រ២ ខណៈនេះដែរ ឯកឧត្តម បានជម្រុញ និងលើកទឹកចិត្ត ដល់ក្រុមយុវជនរបស់យើង បើដឹងថាប្រជាពលរដ្ឋណាម្នាក់ក្រពិតប្រាកដ តែពុំទាន់ទទួលបានប័ណ្ណសមធម៌ទេ សូមជួយរាយការណ៍ជូនលោកមេឃុំ និងក្រុមការងារ ដើម្បីសំភាសន៍តាមរយៈថេបឡេត ដើម្បីទទួលបានប័ណ្ណសមធម៌។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែជាបញ្ហាចោទដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលទេ និយាយដោយឡែកសម្រាប់កម្ពុជាយើងវិញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចបានចាត់វិធានការណ៍ទប់ស្កាត់បានទាន់ពេល ជាក់ស្តែងអ្នកឆ្លងទូទាំងប្រទេសមានតែ២៧៤នាក់ ជាសះស្បើយ២៦៨នាក់ និងកំពុងសម្រាកព្យាបាល៨នាក់ហើយពុំមានប្រជាពលរដ្ឋយើងណាម្នាក់រងគ្រោះរហូតដល់ស្លាប់ដោយសារជំងឺនេះទេ ភាគច្រើនការឆ្លងនេះជាការនាំចូលពីក្រៅតែប៉ុន្នោះ និងពុំមានការឆ្លងចូលក្នុងសហគមន៍នោះទេ។
ជាក់ស្តែងថ្មីៗនេះ ករណីវិជ្ជមាន ១ករណីលើនារីកងទ័ពមួកខៀវម្នាក់ ដែលមានផ្ទុកជំងឺនេះ រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ក៏បានជាសះស្បើយ និងបានវិលត្រលប់ទៅរស់នៅជួបជុំក្រុមគ្រួសារវិញហើយ រីឯសមាជិកក្រុមគ្រួសាររបស់គាត់ ដែលបានប្រាស្រ័យទាក់ទង និងរស់នៅផ្ទាល់ផ្សេងទៀត ក្រុមគ្រូពេទ្យជំនាញបានធ្វើតេស្តន៍ ព្រមទាំងបានធ្វើចត្តាឡីស័ក ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ផងដែរ។
ទោះជាលទ្ធផលដ៏ល្អប្រសើរនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមគ្រូពេទ្យជំនាញ ជាពិសេសក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរបស់យើង គឺបានសហការ និងគោរពបានយ៉ាងខ្ជាប់ខ្ជួន ថែរក្សាអនាម័យ ខ្លួនប្រាណរៀងៗខ្លួន ទើបយើងអាចគេចផុតពីក្រញ៉ាំបិសាច កូវីដ-១៩ នេះ ក៏ប៉ុន្តែយើងត្រូវតែបន្តគោរពអនុវត្តឱ្យបានជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាលបន្តទៀត មិនអាចធ្វេសប្រហែសបានឡើយ រីឯបញ្ហាចរាចរណ៍ ក៏ជាកត្តាសំខាន់ផងដែរ យើងទាំងអស់គ្នាគប្បីត្រូវតែគោរពច្បាប់ទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវពាក់មួកសុវត្ថិភាព បើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព កុំបើកបរក្នុងស្ថានភាពស្រវឹង។
នាឱកាសនេះដែរក៏មានការប្រារព្ធពិធីដាំកូនឈើជាច្រើនប្រភេទក្នុងបរិវេណសាលាស្រុក ក្នុងគោលបំណងបង្កើនសោភ័ណ្ឌភាព ធ្វើឱ្យបរិស្ថានប្រែជាបៃតងស្រស់បំព្រង។
ឯកឧត្តម ក៏បានជម្រុញ និងលើកទឹកចិត្តដល់មន្រ្តីអាជ្ញាធរ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ ចូលរួមស្រលាញ់ និងថែរក្សាបរិស្ថាន ដោយចូលរួមដាំដើមឈើឱ្យបានច្រើននៅតាមទីធ្លារសាធារណៈផ្សេងៗ ពិសេសនៅតាមសាលារៀន វត្តអារ៉ាម ភូមិឋានរបស់យើង។
យ៉ាងណាម៉ិញនៅពេលខាងមុខនេះ ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល បានសហការជាមួយសាលាស្រុកពញាឮ នឹងរៀបចំគម្រោងផែនការដាំកូនឈើនៅតាមសាលារៀនចំនួន៦០សាលា ដែលមានកូនឈើចម្រុះគ្រប់ប្រភេទចំនួន២០២០ដើម មានក្រញូង បេង ធ្នង់ គគីរ ឈើទាល ជាដើម។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បាននាំយកសម្ភារៈមាន សារុង៣៩៧ ម៉ាស់ ៩០ប្រអប់ ជែលលាងដៃ១៤ដប ជូនដល់រដ្ឋបាលស្រុកដើម្បីចាត់ចែង ព្រមទាំងឧបត្ថម្ភថវិកាដល់សមាជិកសមាជិកានៃអង្គពិធី ចំនួន៥១៣នាក់ ដោយម្នាក់ៗទទួលបាន ៥ម៉ឺនរៀល។
ក្រោយពិធីនេះបានបញ្ចប់ ឯកឧត្តម និងសហការី អមដំណើដោយ លោកអភិបាលស្រុក បានបន្តអញ្ជើញសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នង ព្រមទាំងនាំយកអំណោយ មានអង្ករ៣០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង២យួរ និងថវិកា ៤០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់លោកយាយ លោកតាគ្មានទីពឹង រស់នៅឃុំកោះចិន ស្រុកពញាឮ ផងដែរ។