+++++++++ខេត្តកណ្តាល៖ព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»ដែលរៀបចំដោយមន្ទីរបរិស្ថានខេត្តកណ្តាល នៅក្នុងបរិវេណវិទ្យាល័យ សាន់ នីវូ សំរោងធំ ស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ សាន់ នីវូ សំរោងធំ តំណាងក្រុមហ៊ុន រោងចក្រ សិប្បករ អាជីវករ និងប្រជាពលរដ្ឋជាច្រើនរូប។ ទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»គឺក្នុងគោលបំណងដ៏សំខាន់ គឺការកែប្រែទាំងផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់បរិស្ថាន មានស្មារតីចូលរួម ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការអភិវឌ្ឍ និងការរស់នៅដោយចីរភាព ។ ក្នុងពិធីនេះមន្ទីរបរិស្ថានខេត្ត បាននាំយកនូវកូនឈើចំនួន ៦០ដើម សម្រាប់ដាំ និងចែកជូនយកទៅដាំបន្ត ជីកំប៉ុស្តិ៍ ៣ការ៉ុង ធុងសំរាម១២ធុង អំបោសដងវែង១៥ ប្រដាប់ចូកសំរាម១០ រនាស់៣ និងធុងទឹក៣ ចែកជូនដល់សាលាឃុំសំរោងធំ និងវិទ្យាល័យ ព្រមទាំងបានធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងថង់ប្លាស្ទិក ដោយធ្វើការប្តេជ្ញាចិត្តថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វេីបាន» និងធ្វើអនាម័យ ប្រមូលសម្អាត ក្នុងតំបន់ប្រារព្ធពិធីផងដែរ៕