រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការផ្ដាំផ្ញើបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ បើទោះបីជាប្រទេសរបស់យើងមានសន្តិភាព ស្ថេរភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែការហ្វឹកហាត់របស់យើងនៅតែជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសយើងឱ្យបានគង់វង្សយូរអង្វែង ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ សត្រូវរបស់យើងមិនហ៊ានប្រមាថ មើលងាយមកលើយើង និងមិនហ៊ានមកឈ្លានពាន ឬមកធ្វើសង្គ្រាមជាមួយយើងឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូមខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងសូមរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឱ្យកូន ចៅ ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង។ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា៖ បេក្ខជនគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ) ទាំង ៤៥នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃ កងរាជអាវុធហត្ថ ជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)នាពេលនេះ។

អត្ថបទទាក់ទង