++++++++++ខេត្តកណ្តាល៖ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល នារសៀលថ្ងៃ២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ២០២៥-២០២៧ ឆ្នាំ២០២៤ នៅស្រុកស្អាង ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) ក្នុងឆ្នាំ២០២៤នេះ ជាឱកាសដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល និងកៀរគរប្រភពធនធានផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តន៍នៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ក្រុង ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។ ឯកឧត្តមបានថ្លែងថា៖ អង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ស្រុក ឆ្នាំ២០២៤ គឺដើម្បីឱ្យគម្រោងសកម្មភាពជាអាទិភាពដែលបានស្នើដោយឃុំ សង្កាត់ ឱ្យមានភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពនានា របស់បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ តាមរយៈការវិភាគ និងចរចារវាងមន្ទីរ អង្គភាព និងអង្គការនានា ជាមួយក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានការទាក់ទងគ្នាដើម្បីប្រមូលផ្តុំធនធាន សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានដោយប្រើប្រាស់សក្តានុពល នៃធនធានចាំបាច់ទាំងឡាយពីគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែល្អ ប្រសើរ ដោយមានកិច្ចសហប្រតិបត្តិការល្អ ដើម្បី សម្រេចទិសដៅរួមប្រកបដោយប្រសិទ្ធភាព ជាជាងការធ្វើសកម្មភាពតែឯកឯង។ បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលរងខេត្តបានស្នើដល់មន្ទីរ អង្គភាព អង្គការជាតិ-អន្តរជាតិ មេត្តាពិនិត្យ និងពិចារណានូវគម្រោងសកម្មភាពដែល ជាតម្រូវការចាំបាច់ និងធ្វើការសម្រេចចិត្តគាំទ្រគម្រោងសកម្មភាព អាទិភាពរបស់ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យបានសមស្រប ជៀសវាងគាំទ្រក្រៅគម្រោង ដែលមិនឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន។ ឯកឧត្តមបានស្នើដល់ក្រុមប្រឹក្សាឃុំ ត្រូវធ្វើការកែ សម្រួលដើម្បីបន្តបញ្ចប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ និងកិច្ចសន្យានានា រួចផ្ញើឯកសារទាំងនេះ ទៅទីចាត់ការផែនការនិងវិនិយោគសាលាខេត្ត និងមន្ទីរ ផែនការខេត្ត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយមានមន្ត្រីការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ជាអ្នកជួយ និងចូលរួមទទួលខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះប្រព្រឹត្តទៅបានល្អ និងទាន់ ពេលវេលាតាមកាលកំណត់។ សូមបញ្ជាក់ថា៖ក្នុងសិក្ខាសាលានេះមានគម្រោងចំនួន៤៥២ដែលបានលើកឡើង និងទទួលបានការគាំទ្រក្នុងសិក្ខាសាលាសរុបរួម ២២៤ គម្រោងស្មើនិង៥០ភាគរយ ក្នុងនោះមន្ទីរជំនាញ សរុបរួម១៥២ ស្មើនិង៣៤ភាគរយ អង្គការ សរុបរួម ៧២ ស្មើនិង៣៤ភាគរយ សប្បុរសជនទទួលបានការគាំទ្រ០គម្រោង គម្រោងក្រុង ស្រុកទទួលបានការគាំទ្រសរុបរួម ៦គម្រោង ស្មើនិង៨ភាគរយ។