++++++++ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ប្រមាណជាង ៦០នាក់ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត។ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានធ្វើការសាកសួរសុខទុក្ខដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ព្រមទាំងបានកោតសរសើរ វាយតមៃ្លខ្ពស់ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងការបង្ហាត់បង្រៀន អប់រំ ផ្តល់នូវចំណេះដឹងទៅដល់គរុសិស្ស ដែលនឹងក្លាយទៅជាគ្រូបង្រៀននាពេលអនាគត ជាអ្នកផ្តល់ការអប់រំបន្តទៅកាន់សិស្សានុសិស្សប្រកបដោយគុណភាពខ្ពស់ ធ្វើឲ្យសិស្សានុសិស្សមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ចំណេះធ្វើ អាចប្រកួតប្រជែងបាននៅក្នុងទីផ្សារការងារស្របទៅតាមការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ពិធីជួបសំណេះសំណាលនាពេលនេះមានគោលបំណងសំខាន់ គឺដើម្បីស្ដាប់ពីអំបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលកំពុងតែជួបការលំបាក ចំពោះសំណូមពរដែលលើកឡើង រដ្ឋបាលខេត្តនឹងធ្វើការពិនិត្យ និងខិតខំដោះស្រាយទៅតាមលទ្ធភាពជាក់ស្ដែង។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើទៅដល់គណៈគ្រប់គ្រង សូមជួយជំរុញទៅដល់គរុសិស្សដែលកំពុងតែសិក្សាត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងឲ្យបានពិតប្រាកដដើម្បីចាប់អាជីពជាគ្រូបង្រៀនប្រកបដោយគុណភាពនាពេលអនាគត។បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការលើកទឹកចិត្តទៅដល់គរុសិស្សទាំងអស់នៅពេលទំនេរពីការសិក្សា សូមយកចំណេះដឹង និងមុខជំនាញឯកទេសដែលខ្លួនកំពុងតែសិក្សាទៅដាក់ពាក្សបង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅក្នុងគ្រឹះស្ថានអប់រំនានា ដើម្បីទុកជាបទពិសោធន៍ក្នុងការបង្រៀនផ្ទាល់ ក៏ដូចជាការបង្កើននូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្ពស់ថែមទៀត ហើយម្យ៉ាងទៀតក៏ជាការរកប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួនផងដែរ។