ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំ ស្តីពីការចុះបំពេញបេសកម្មលើកទី០៣ របស់ក្រុមការងារធនាគារពិភព ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ដែលកិច្ចប្រជុំនេះបានការអញ្ជើញជាអធិបតី ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងលោកស្រី Katelijn Van Den Berg ប្រធានក្រុមបេសកកម្មធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមពីរ អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ក្រុមការងារជំនាញផងដែរ។ក្នុងឱកាសនោះដែរ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានចែករំលែកពាក់ព័ន្ធនឹងការប្រមូលសំរាមដែលខេត្តកណ្តាលបានអនុវត្តកន្លងមក និងបានលើកពីបញ្ហាប្រឈមសំខាន់ៗដែលគួរបានយកចិត្តទុកដាក់ដោះស្រាយប្រកបដោយនវានុវត្តភាព។ សូមបញ្ចាក់ថា គោលបំណងក្នុងកិច្ចប្រជុំនេះគឺ ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំណល់រឹង និងផ្លាស្ទិកក្នុងតំបន់គោលដៅ ក៏ដូចជាទូទាំងប្រទេសកម្ពុជាតាមរយៈ ការរៀបចំគោលនយោបាយនិងបទដ្ឋានគតិយុទ្ធ។ ការពង្រឹងសមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការរៀបចំបទដ្ឋាន និងពង្រីកការអនុវត្តឱ្យបានល្អ។