+++++++++++ខេត្តកណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរៀបចំពិធីបិទសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤និងលើកទិសដៅបន្ត ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសម្តែងនូវការអបអរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានទទួលការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការខិតខំបំពេញតួនាទីភារកិច្ចជាកងកម្លាំង ការពារ សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្ដាល។ ឯកឧត្ដម បន្តទៀតថា កងកម្លាំងនិងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេសទាំងជនបរទេសអន្តោប្រវេសន៍ និងជនបរទេសដែលធ្វើទេសចរណ៍ ដោយត្រួតពិនិត្យ គ្រប់គ្រងទិន្នន័យនិងរៀបចំឯកសារពាក់ព័ន្ធឱ្យបានច្បាស់លាស់។ ក្នុងពិធីនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានវាយតំលៃចំពោះលទ្ធផលកិច្ចប្រតិបត្តិការ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងកិច្ចការងារពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពក្មេងទំនើង បទល្មើសល្បែងស៊ីសង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងកិច្ចការងារសំខាន់ជាច្រើនទៀតផងដែរ។ ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានឧបត្ថម្ភថវិកាចំនួន ៤០លានរៀល ឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលជាតិខេត្តកណ្ដាល ទុកសម្រាប់បំពេញការងារផងដែរ៕