+++++++ខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់ អភិបាលរងខេត្តទទួលបន្ទុក ដោះស្រាយវិវាទដីធ្លី និងវិវាទផ្សេងៗតាមបណ្ដាក្រុង-ស្រុកទាំង១៣ ព្រមទាំងអាជ្ញាធរក្រុង-ស្រុក កម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធត្រូវ បន្តខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយវិវាទផ្សេងៗ ជាពិសេសបញ្ហាដីធ្លី ឱ្យបានឆាប់រហ័ស ដោយចាត់អទិភាពដោះស្រាយទៅតាមទំហំនៃទំនាស់សំដៅដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានចប់ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ ពីព្រោះវាជាកង្វល់របស់ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំ។ ឯកឧត្តមបានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្ត និងកងកម្លាំងមានសមត្ថកិច្ចផងដែរ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរពាក់ព័ន្ធ រួមមានមន្ទីរអធិការកិច្ច មន្ទីរដែនដីន គររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ក្នុងការផ្តល់មតិយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយទៅលើសំណុំរឿងនីមួយៗ ដើម្បីដោះស្រាយបញ្ចប់ឱ្យបានត្រឹមត្រូវស្របទៅតាមច្បាប់ និងនីតិវិធីជាធរមាន ជាងនេះទៀតត្រូវយកចិត្តទុកដាក់ក្នុងការតាមដានសំណំរឿងរបស់ខ្លួនដែលកំពុងដោះស្រាយជាប់ជាប្រចាំ។ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំដោះស្រាយនូវរាល់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលបានបញ្ជូនមកខេត្ត ដោយត្រូវមានជាលទ្ធផលឆ្លើយតបត្រឡប់ទៅម្ចាស់បណ្ដឹងវិញដើម្បីបញ្ជាក់ឱ្យឃើញថាខេត្តកំពុងតែខិតខំដោះស្រាយជូនពួកគាត់ដោយមិនបានទុកចោលឡើយ។ បញ្ហាសំខាន់បំផុតនោះគឺសូមក្រុមការងារពាក់ព័ន្ធ ត្រូវខិតខំជំរុញក្នុងការស្រាវជ្រាវករណីនីមួយៗឱ្យបានលំអិតច្បាស់លាស់ដោយចុះទៅដល់ទីតាំងផ្ទាល់ និងធ្វើការសួរនាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទៅតាមនីតិវិធី ធ្វើការវែកញែកថាតើអ្នកណាខុសអ្នកណាត្រូវ ដើម្បីធ្វើការសម្របសម្រួលបញ្ចប់វិវាទ ឬចាត់វិធានការឱ្យស្របទៅតាមច្បាប់។ ការចុះស្រាវជ្រាវនេះ បើក្នុងករណីក្រុមការងាររកឃើញថាភាគីណាមួយបានក្លែងបន្លំឯកសារផ្សេងៗនោះ រដ្ឋបាលខេត្តនិងចាត់វិធានការតាមច្បាប់ដោយមិនមានការលើកលែងឡើយ។