រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យ លើសេចក្តីព្រាង ក្របខណ្ឌអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈ ពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥ -២០២៧)

+++++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត លើសេចក្តីព្រាង ក្របខណ្ឌអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈ ពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥-២០២៧) នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់អង្គប្រជុំទាំងមូល ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាទៅលើទិន្នន័យ និងផែនការនានាឲ្យបានល្អិតល្អន់ច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខមាលភាព តាមរយៈការធ្វើឲ្យមានកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រឲ្យនៅកម្រិតទាបទៅតាមគោលដៅដែលរដ្ឋបាលខេត្តបានកំណត់។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងដំណើរការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរបស់រដ្ឋបាលខេត្តគឺ ពិតមានសារៈសំខាន់ណាស់ដោយទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គិតគូរ និងពិចារណាឲ្យបានហ្មត់ចត់ទៅលើចក្ខុវិស័យ គោលដៅ គោលបំណង និងយុទ្ធសាស្រ្ត នៃការអភិវឌ្ឍន៍សម្រាប់ខេត្តកណ្តាល។ឯកឧត្តមអភិបាលខេត្ត បានបន្តថា កិច្ចប្រជុំនេះគឺជាធាតុចូលយ៉ាងសំខាន់ ដែលទាមទារឲ្យមានការពិនិត្យ និងគិតគូរឲ្យបានស៊ីជម្រៅ ដើម្បីដោះស្រាយលើកិច្ចអភិវឌ្ឍន៍មូលដ្ឋាននៅក្នុងដំណើរការ នៃការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ជាពិសេស ពិនិត្យលើការរៀបចំគម្រោងសកម្មភាពនានារបស់ខ្លួនសម្រាប់អនុវត្តនៅក្នុងឆ្នាំបន្តបន្ទាប់ ធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវ ជាក់ស្តែងនៅថ្នាក់មូលដ្ឋានពិតប្រាកដ ហើយបញ្ជូលទៅក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ រដ្ឋបាលសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ឯកឧត្តមបានបញ្ជាក់ថា ការងារសំខាន់ក្នុងកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាកែសម្រួល លើសេចក្តីព្រាង ក្របខណ្ឌអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) កម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈ ពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៥ -២០២៧) ឲ្យបានរួចរាល់ ដើម្បីដាក់ឯកសារទាំងនេះជូនជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័តនាពេលខាងមុខនេះ ដូច្នេះមន្ទីរព័ន្ធ អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ពិភាក្សា ផ្តល់យោបល់ឲ្យបានផុលផុសដើម្បី ក្រុមការងារធ្វើការបូកសរុប និងស្នើមន្ទីរ អង្គភាពពាក់ព័ន្ធរៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ឱ្យស្របតាមលទ្ធភាព សមត្ថភាព របស់ខ្លួននិងតាមតម្រូវការជាក់ស្តែងរបស់ប្រជាជន។

អត្ថបទទាក់ទង