រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិស្មើនិង៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល

+++++++++++++ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន២ភូមិ គឺភូមិព្រែកតាជ័រ និងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីធ្លីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឱ្យតែយកដីនោះទៅប្រើប្រាស់ក្នុងករណីណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី។ ឯកឧត្តមបន្ថែមថា៖បើគ្មានសុខសន្តិភាព គឺបងប្អូនគ្មានឱកាសនឹងទទួលបានទាំងការរស់នៅដោយសុខសន្តិភាព ការដើរហើរសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានឱកាសក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីផ្ទះសម្បែងដោយស្របច្បាប់បានឡើយទាំងនេះ គឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរចំពោះប្រជាពលរដ្ឋដើម្បីទទួលបានបានកម្មសិទ្ធិប្រើប្រាស់ដីធ្លី ដោយស្របច្បាប់បញ្ជៀសបានពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា៖ ដើម្បីឱ្យការបិទផ្សាយដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំស្វាយប្រទាលនេះ ឱ្យបានលឿន គឺទាមទារឱ្យប្រជាពលរដ្ឋទាំងអស់ សហការជាមួយមន្ត្រីជំនាញ និងយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបង្ហាញមន្ត្រីជំនាញដើម្បីឱ្យដំណើរការបិទផ្សាយនេះលឿន និងឆាប់ទទួលបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។ តាមការបញ្ជាក់ពីលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា៖ បន្ទាប់ពីបញ្ចប់ការងារវាស់វែង និងបំពេញទម្រង់បែបបទរួចរាល់ក្រុមការងារបានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលមានរយៈពេល ១៥ថ្ងៃ (គឺចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥) ដើម្បីឱ្យម្ចាស់ក្បាលដីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបាន ច្បាស់លាស់មុនឈានដល់ការស្នើសុំចេញបណ្ណកម្មសិទ្ធិជូនម្ចាស់ក្បាលដីទាំងនោះ។ សូមបញ្ជាក់ផងដែរថា៖សម្រាប់ទូទាំងខេត្តកណ្តាល បានប្រកាសបិទផ្សាយជាសាធារណៈ ជូនប្រជាពលរដ្ឋបានចំនួន ២៥៩ លើក រួចមក ហើយសរុបចំនួន ៤៤១,៤៥២ ក្បាលដី ហើយនេះ គឺជាលើកទី ២៦០ ។ ដោយឡែកក្រុមទី៣ បាន បិទផ្សាយរួច ចំនួន ៤៩លើករួច ដែលមានចំនួនក្បាលដីសរុប ៧២,៨៣៨ ក្បាលដី ហើយនេះគឺជាលើកទី ៥០ ដែលបានធ្វើការបិទផ្សាយទិន្នន័យចំនួនសរុប ៣,០៨២ក្បាលដី នៅភូមិព្រែកតាជ័រ និងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង៕

អត្ថបទទាក់ទង