ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ជាសាធារណៈ ស្តីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសាស្ត្រភូមិដើមឫស ភូមិទន្សាយកៀច ភូមិសាម័រ ភូមិអន្លង់ព្រីង និងភូមិទែន ស្ថិតនៅឃុំដើមឫស ស្រុកកណ្តាលស្ទឹង។ សូមបញ្ជាក់ថា គោលបំណងសំខាន់ៗនៃការរៀបចំកិច្ចពិគ្រោះយោបល់ជាសាធារណៈនេះឡើង រួមមាន៖ ទី១ ជួបផ្ទាល់រវាងក្រុមហ៊ុនម្ចាស់គម្រោង ក្រុមហ៊ុនទីប្រឹក្សា រួមជាមួយមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធសំខាន់ៗ នៅក្នុងខេត្តកណ្តាល ដើម្បីធ្វើការពិគ្រោះយោបល់ ពិភាក្សាគ្នាកំណត់ធាតុចូលសំខាន់ៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ ឱ្យបានជាអតិបរិមា។ ២ ពិនិត្យការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនទីប្រឹក្សា ទៅលើការបង្ហាញពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលក្រុមការងារទីប្រឹក្សាបានចុះសិក្សានៅជុំវិញទីតាំងគមម្រោង និងទី៣ គឺការចូលរួមចំណែកផ្តល់មតិយោបល់របស់មន្ទីរ អង្គភាពជំនាញ ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ទៅលើការសិក្សាស្រាវជ្រាវ ទៅលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញរបស់គម្រោង និងរួមគ្នាពិភាក្សាអំពីបញ្ហាប្រឈម ការព្រួយបារម្ភ លើកឡើងជាដំណោះស្រាយ សំណូមពរ និងអនុសាសន៍ ដើម្បីកាត់បន្ថយហេតុប៉ះពាល់ពីគម្រោងទៅលើបរិស្ថាន និងសង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។