++++++++ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានស្នើអោយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនអោយក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដកអាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ នៅសាលាខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្តបានលើកឡើងថា៖ ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។លោកឧត្តមអគ្គានុរក្ស ឯម និមល ប្រធានពន្ធនាគារ បានអោយដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសយកទណ្ឌិតចំនួន ១៣នាក់ ស្រី ២នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ៩នាក់ ស្រី១នាក់។មិនបានបន្ធូរបន្ថយទោសទេទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែគ្មាន ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែគ្មាន។ គួរបញ្ជាក់ដែរថា៖ ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត ក្នុងនោះមាន ៖ ១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៣/ពិធីបុណ្យវិសាខបូជា ៤/ពិធីបុណ្យឯករាជ្យជាតិ និងទី៥គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕