រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្ដាលស្ដីពី “ការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរ និងស្រុកគោលដៅ នៃខេត្តកណ្ដាល

++++++++++++++++ខេត្តកណ្ដាល៖ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលនៅជុំទី១ ក្នុងឆ្នាំ២០២៥ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាលាខេត្ត នៃមន្ទីរ និងស្រុកគោលដៅសម្រាប់កម្មវិធី “ការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ” ដែលទទួលបានការគាំទ្រដោយអង្គការវ័តធឺអេត (WaterAid) នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ថា៖ វគ្គបណ្តុះបណ្តាល នាពេលនេះពិតជាបានរួមចំណែកក្នុងការអនុវត្តនូវ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ ព្រមទាំងផ្តល់នូវចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ ដើម្បីឱ្យសម្រេចគោលដៅក្នុងការជំរុញការអនុវត្តផែនការ សកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ អោយសម្រេចបានអត្រាគ្របដណ្ដប់ ១០០ ភាគរយ នៅត្រឹមឆ្នាំ២០៣០ ដើម្បីរួមចំណែកក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅ ឆ្នាំ២០៥០។លោកស្រីប្រធានមន្ទី បន្តថា៖ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅខេត្តកណ្ដាល មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ ២០២២ ខេត្តកណ្ដាលសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាស វាលពាសកាល(ODF) ហើយនៅឆ្នាំ២០២៤ ខេត្តសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)បន្តទៀត ហើយកំពុងត្រៀមរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកស្រីប្រធានមន្ទីរ បានស្នើដល់ លោក លោកស្រី ជាសិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់ នូវការពន្យល់ បកស្រាយរបស់គ្រូបង្គោលឱ្យបានហ្មត់ចត់ ច្បាស់លាស់ ដើម្បីយកចំណេះ ជំនាញទាំងនេះ ទៅអប់រំ ផ្សព្វផ្សាយបន្តនៅមូលដ្ឋានរបស់យើងឱ្យបានទូលំទូលាយ ក្នុងគោលបំណងបញ្រ្ជាបចំណេះដឹង ឱ្យប្រជាពលរដ្ឋបានដឹង បានយល់ កាលណាពួកគាត់បានដឹង បានយល់ នោះពួកគាត់នឹងចូលរួមសហការ ជាមួយយើង។ លោកស្រី ហ៊ាង ភារុណ ប្រធានកម្មវិធី នៃអង្គការវ័តធឺអេត(WaterAid) បានមានប្រសាសន៍ថា៖ អង្គការWaterAid គឺជាដៃគូដែលខិតខំប្រឹងប្រែងក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយធ្វើការដោយមិននឿយហត់ជាមួយរាជរដ្ឋាភិបាលកម្ពុជា (RGC) ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសក្នុងការធានាឱ្យមានលទ្ធភាពទទួលបានជាសកលនូវទឹកស្អាត អនាម័យ និងអនាម័យ (WASH) ខណៈពេលដែលយើងអបអរចំពោះវឌ្ឍនភាពសំខាន់ៗ ដូចជាខេត្តកណ្តាលសម្រេចបាន ODF Plus និងឈានដល់ការគ្របដណ្តប់ទឹកជិត 90%។លោកស្រីប្រធានកម្មវិធីអង្គការវ័តធឺអេត(WaterAid) បន្តថា៖ កម្មវិធីភាពជាអ្នកដឹកនាំ គឺជាមូលដ្ឋានគ្រឹះនៃការផ្តល់ឱកាស ដល់អ្នកដឹកនាំមូលដ្ឋាន រួមទាំង អ្នកដឹកនាំស្ត្រី ជាមួយនឹងជំនាញ និងចំណេះដឹងដែលពួកគេត្រូវការដើម្បីជំរុញការកែលម្អសេវា ទឹកស្អាត អនាម័យជាសកល ប្រកបដោយនិរន្តរភាព និងបរិយាបន្ននៅសហគមន៍។ រួមចំណែកដល់គោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ កែលម្អការផ្តល់សេវារួម និងសុខុមាលភាពសហគមន៍។ វគ្គបណ្តុះបណ្តាលគ្រូបង្គោល នឹងផ្តល់ជូនអ្នកនូវឧបករណ៍ និងចំណេះដឹងចាំបាច់ ដើម្បីផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពដល់អាជ្ញាធរមូលដ្ឋានរបស់យើង រួមទាំងមេឃុំ និងអ្នកដឹកនាំស្ត្រី ដែលផ្តល់ភាពអង់អាចដល់ពួកគេក្នុងការជំរុញការ ផ្លាស់ប្តូរជាវិជ្ជមាន។ តាមរយៈការផ្តល់ភាពអង់អាចដល់អ្នកដឹកនាំមូលដ្ឋាន កំពុងវិនិយោគលើអនាគតនៃប្រទេសកម្ពុជា និងធានាឱ្យបាននូវអនាគតប្រកបដោយសមធម៌ និងនិរន្តរភាពបន្ថែមទៀតសម្រាប់ទាំងអស់គ្នា។

អត្ថបទទាក់ទង