រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ស្រែប្រាំងរបស់ប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាជាង ៣៥០ហិកតា ជួបបញ្ហាខ្វះខាតទឹក ត្រូវបានអាជ្ញាធរជួយអន្តរាគមន៍បូមទឹកសង្គ្រោះ

+++++++++++ខេត្តកណ្តាល៖ ដើម្បីជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋធ្វើស្រែប្រាំង ស្ថិតនៅឃុំជ័យធំ ក្នុងស្រុកខ្សាច់កណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពប្រឡាយជ្រៃលាស់ និងការដំឡើងម៉ាស៊ីនបូមទឹកនៅចំណុច ទ្វាទឹកព្រែកថ្មី ដើម្បីមូមបង្ហូរទៅតាមប្រឡាយទៅដល់ចំនុចព្រែកអរុណ និងបន្តហូរចូលបឹងខ្យង។ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការលើកទឹកចិត្តដល់ អាជ្ញាធរឃុំ ត្រូវការបែងចែកកម្លាំងប្រចាំការ ក្នុងការថែទាំមើលការខុសត្រូវក្នុងការបញ្ចះម៉ាស៊ីនបូមទឹក សំដៅធ្វើយ៉ាងណាឱ្យការបូមទឹកជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ។ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរស្រុក-ឃុំ ត្រូវចុះស្រង់ទិន្នន័យអំពីទំហំដីស្រែទាំងស្រូវប្រាំង និងស្រូវវស្សាឱ្យបានច្បាស់លាស់ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរកពិធីសាស្ត្រដោះស្រាយបញ្ហាដូចជា ការស្ដារប្រព័ន្ធធារាសាស្ត្របន្ថែម ស្ដារអាងស្តុបទឹក បង្កើតឱ្យមានស្ថានីយ៍បូមទឹកបន្ថែម និងមានម៉ាស៊ីនបូមទឹកគ្រប់គ្រាន់សម្រាប់សង្គ្រោះពេលខ្វះខាតទឹកជាដើម ធ្វើយ៉ាងណាឱ្យបរិមាណទឹកអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ សម្រាប់ការស្រោចស្រពលើផ្ទៃដីស្រែចំការរបស់ប្រជាពលរដ្ឋជាក់ស្តែង កុំឱ្យមានការខ្វះខាតនៅឆ្នាំបន្តបន្ទាប់ទៀត។នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានបានជួបប្រជុំជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក និងអាជ្ញាធរឃុំជ័យធំ ដោយឯកឧត្តមអភិបាលរងខេត្ត បានស្នើឱ្យមន្ទីរជំនាញ អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវគិតគូ និងយកចិត្តទុកដាក់ ទៅលើការបូមទឹកបញ្ជូលស្រែ និងការស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ តាមលទ្ធភាពដែលមាន សំដៅជួយដោះស្រាយបញ្ហាខ្វះទឹករបស់ប្រជាកសិករនាពេលនេះ ឱ្យបានទាន់ពេលវេលា។ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺដើម្បីស្តាប់របាយការណ៍របស់ស្រុក ឃុំ និងប្រមូលបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការខ្វះខាតទឹកធ្វើស្រែរបស់ប្រជាកសិករ ដាក់ជូនឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ធ្វើការពិនិត្យ និងជួយដោះស្រាយបំពេញបន្ថែមឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។ សូមជម្រាបថា ក្នុងស្រុកខ្សាច់កណ្ដាល មានផ្ទៃដីស្រែសរុប ៥៥០០ ហិកតា ក្នុងនោះស្រូវប្រាំងមាន ២០០០ ហិកតា និងស្រូវវស្សាមាន ៣៥០០ ហិកតា។ នារដូវប្រាំងនេះកសិករព្រោះស្ទូងសរុបបាន ២៩៥០ ហិកតា ធ្វើលើផ្ទៃដីស្រែប្រាំង និង ៩៥៩ ហិកតាទៀតធ្វើលើផ្ទៃដីស្រែវស្សាដែលប្រមូលផលរួច។ ចំពោះស្រូវប្រាំងដែលរងការប៉ះពាល់មានចំនួន ៣៥០ហិកតា ស្ថិតនៅក្នុងឃុំជ័យធំ ចំណែកឃុំផ្សេងៗទៀតប្រជាកសិករអាចដោះស្រាយទឹកដោយខ្លួនឯងបាន។

អត្ថបទទាក់ទង