រសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នាឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាចំណុះរដ្ឋបាលខេត្តកណ្តាលសរុបចំនួន៣០៧នាក់ ក្នុងនោះមាននារី ៩០នាក់។
ការប្រារព្ធពិធីនេះឡើងគឺមានគោលបំណងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ បង្កើនភាពស្និទ្ធិស្នាល ភាតរភាព សាមគ្គីភាព និងរួមសុខរួមទុក្ខគ្រប់កាលៈទេសៈ គ្រប់ស្ថានភាពក្នុងភាពជាគ្រួសារតែមួយក្នុងរចនាសម្ព័ន្ធការងារ ពីសំណាក់ថ្នាក់ដឹកនាំជាមួយមន្ត្រីក្រោមឱវាទ ដែលជាកត្តាលើកទឹកចិត្តជំរុញឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់ មានគណនេយ្យភាព និងតម្លាភាពចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពិសេសធ្វើឱ្យការផ្តល់សេវាសាធារណៈពីមន្រ្តីរបស់យើងជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានប្រសិទ្ធិភាព និងស័ក្តិសិទ្ធិបន្ថែមទៀត។
សូមជម្រាបជូនថាការប្រារព្ធពិធីនេះឡើងនាពេលនេះ គឺមិនមែនជាលើកទីមួយឡើយសម្រាប់រដ្ឋបាលខេត្តកណ្តាល ជាក់ស្តែងកន្លងទៅរដ្ឋបាលខេត្តតែងតែប្រារព្ធពិធីសំណេះសំណាលនេះនៅរៀងរាល់មុនជិតដល់ពិធីបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំសកល ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់មន្រ្តីរាជការ ទាំងអស់ដែលបានខិតខំបំពេញការងារកន្លងទៅ ឆ្លៀតក្នុងឱកាសនេះដែរ តាងនាមឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត ឯកឧត្តម បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់មន្រ្តីរាជការទាំង៣០៧នាក់ ដោយឡែកសម្រាប់មន្រ្តីរាជការចំណុះមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ឯកឧត្តម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ នៃមន្ទីរអង្គភាពជំនាញទាំងនោះជួយដោះស្រាយ ឧបត្ថម្ភដល់មន្រ្តីរបស់ខ្លួនទៅតាមលទ្ធភាពអាចធ្វើបានផងដែរ ដែលប្រសាសន៍ បែបនេះ ឯកឧត្តម បានថ្លៃនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
សូមបញ្ជាក់ជូនថា មន្រ្តីរាជការទាំងអស់នៅទូទាំងប្រទេស ក៏នឹងត្រូវទទួលបាននូវថវិការឧបត្ថម្ភបន្ថែមលើប្រាក់បៀវត្ស ពីប្រមុខរាជរដ្ឋាភិបាល ដោយក្នុងម្នាក់ៗនឹងទទួលបាន ៥ម៉ឺនរៀលផងដែរ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។