រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញចូលរួមពិធី​បុណ្យ​ភ្ជុំបិណ្ឌ នៅវត្តវាំងចាស់

  • 491
  • ដោយ Admin

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តមអភិបាលរងខេត្ត អមដំណើរដោយ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានចូលរួមពិធី​បុណ្យ​ភ្ជុំបិណ្ឌក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនកុះករ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) ស្ថិតនៅឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែអញ្ជើញមកចូលរួម​ក្នុង​ថ្ងៃភ្ជុំបិណ្ឌដែលហៅថា ថ្ងៃឆ្លងបិណ្ឌ នៅ​ទី​អារាមនានា​មិនដែលខាន​ឡើយ ជាពិសេស​ទីអារាម​វត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) នេះ ដោយបាននាំយកនូវ គ្រឿងសក្ការៈបូជា ​មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាន​នាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿង​ឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស មហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកា ទាំង៧សន្តាន ដែល​បានធ្វើមរណកាល ទៅហើយ ជាពិសេស​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខ័ន្ធ អ្នក​ឧក​ញ៉ាម​ហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង, លោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុក ម្តាយ​បង្កើត​របស់ សម្តេច​តេជោ ហ៊ុនសែន, ឧទ្ទិសចំពោះវិញ្ញាណនក្ខ័ន្ធលោកមហាឧបាសក លីន គ្រី មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែល​ជាឪពុកម្តាយបង្កើត របស់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ។

ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន, សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត បានថ្វាយគ្រឿសក្ការៈ ប្រគេនបច្ច័យ ទេយ្យទាន ចំពោះព្រះសង្ឃ ប្រគេន​សម្រាប់វត្ត គ្រឿងឧបភោគ បរិភោគ​ជា​ច្រើន​មុខ។

បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿង​ឧបភោគ បរិភោគ ជាច្រើនមុខរួច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមជាមួយនឹងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុសល ផល​បុណ្យ​ចំពោះព្រះរតត្រៃយ៍ ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីត​ព្រះមហាក្សត្រ ព្រះបាទអង្គ ឌួង ​លើទួលព្រះវិហារចាស់ និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញើ ​នៅលើព្រះវិហារថ្មី និង​បានអញ្ជើញបន្តទៅគោរពបដិបត្តិ នៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់​ក្នុង​ការការពារជាតិមាតុភូមិនៅទីនេះផងដែរ៕

អត្ថបទទាក់ទង