ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឯកឧត្ដម គួច ចំរើន ជាប្រធានគណៈកម្មាធិការស.ស.យ.ក.ខេត្តកណ្តាល។ អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល និងរួមទាំង សមាជិក សមាជិកាជាច្រើនរូប។ ឯកឧត្តម សុះ មុះសិន អនុប្រធានស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកណ្តាល ដោយក្នុងនោះ ឯកឧត្តម គួច ចំរើន ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល។ បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម គួច ចំរើន បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ដើម្បីចូលរួមកសាងផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ។











