++++++++++++++++ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឈឿន បុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា សំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពី គម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឈឿន បុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា៖ ខេត្តកណ្តាលជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតងនៅទីសាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាចបង្កើតនូវដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅទីនោះផ្ទាល់ តាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀបរៀបរយ អនាម័យ និងបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ពិសេសបង្កើតអោយមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បន្តថា៖ ការសិក្សាគម្រោងនេះ មានគោលបំណង រៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ។ រក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុខភាព ជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការជាមួយក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការសិក្សាកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគម្រោង អភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅស្រុកពញាឮ ទទួលបានលទ្ធផលល្អ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសសម្រាប់ថ្ងៃអនាគតផងដែរ។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរកទីតាំងសម្រាប់ក្រុង-ស្រុករបស់ខ្លួន ដើម្បីបង្កើតនូវគម្រោង អភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅតាមក្រុងស្រុករៀងៗខ្លួន។









