រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រសួងបរិស្ថានចុះពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើ វិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកណ្តាល

++++++++++++++ខេត្តកណ្តាល៖ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសស្តីពីការចុះពិនិត្យ វាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកណ្តាល មានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល មានប្រសាសន៍ថា កន្លងមកក្រសួងបរិស្ថាន បានផ្ទេរមុខងារចំនួន៥ រួមមាន៖ទី១. ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ទី២. ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ទី៣. ការងារគាំពារបរិស្ថាន ទី៤. ការងារអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន និងទី៥. ការងារអភិវឌ្ឍន៍ដោយចីរភាព ទៅឱ្យរដ្ឋបាលក្រុង-ស្រុក ដើម្បីចូលរួមក្នុងការគាំទ្រដល់ការលើកកម្ពស់ការងារវិស័យបរិស្ថាន។ឯកឧត្តម គុ្រយ ម៉ាឡែន បានមានប្រសាសន៍បន្តថា រដ្ឋបាលខេត្តក៏បានផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តមុខងារក្នុងវិស័យបរិស្ថាន តាមរយៈការបង្កើតឱ្យមានគណៈកម្មការថ្នាក់ខេត្ត ដើម្បីដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តរបស់រដ្ឋបាលក្រុង-ស្រុក ក្នុងការងារគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ ខេត្តបានការរៀបចំគាំទ្រលើយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” និងយុទ្ធនាការផ្សេងៗទៀតរបស់ក្រសួង ជាមួយគ្នានេះ ខេត្តក៏បានបង្កើតឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងខេត្ត “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ចំនួន ០៣ឆ្នាំកន្លមកហើយ គិតចាប់ពីឆ្នាំ២០២២មក។ ជាងនេះទៅទៀត ខេត្តក៏បានផ្តល់ការគាំទ្រផ្នែកថវិកា ទៅដល់ក្រុង-ស្រុក ដែលមិនទាន់ទទួលបានកញ្ចប់ថវិកាអនាម័យបរិស្ថាន ដោយក្នុង១ក្រុង-ស្រុកទទួលបានថវិកា ចំនួន ៤០លានរៀលក្នុង ១ មួយឆ្នាំ។​ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសនាថ្ងៃនេះ គឺមានគោលបំណងសំខាន់ដើម្បីស្វែងយល់ និងស្ដាប់នូវបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តមុខងារលើ វិស័យបរិស្ថាន សំដៅជួយផ្ដល់អនុសាសន៍ និងជួយរកដំណោះស្រាយសំដៅសំដៅជំរុញឱ្យការងារវិស័យបរិស្ថានខេត្តកណ្តាលកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ បន្ថែមពីលើនេះ ឯកឧត្តម ចាយ សាមិត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់ សូមប្រើប្រាស់ធនធានដែលថ្នាក់ជាតិប្រគល់ជូនឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់។ អាជ្ញាធរក្រុង-ស្រុកត្រូវបន្តខិតខំរកទីលានចាក់សំរាមឱ្យបានសមស្រប ត្រូវពិនិត្យរាល់មុខងារលើ វិស័យបរិស្ថានឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តមុខងារទាំងនោះស្របទៅតាមអនុក្រឹត្យដែលបានកំណត់ ជាពិសេសឃុំ-សង្កាត់ សូមជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្សអំពីការងារបរិស្ថាន ធ្វើយ៉ាងណាឱ្យពួកគាត់មានការយល់ដឹង និងចូលរួមជួយដល់អាជ្ញាធរពាក់ព័ន្ធនឹងវិស័យបរិស្ថានក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរ។

អត្ថបទទាក់ទង