រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រគល់-ទទួលតំបន់សេវាកម្មសង្កាត់រកាខ្ពស់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងមធ្យោបាយតភ្ជាប់សេវាផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ចាន់ ណារី ជូនទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)

++++++++ខេត្តកណ្តាល៖ឯកឧត្តម ប៊ុន ផេង អភិបាលរង ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលតំបន់សេវាកម្មសង្កាត់រកាខ្ពស់ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងមធ្យោបាយតភ្ជាប់សេវាផ្គត់ផ្គង់ទឹកស្អាតរបស់លោកស្រី ចាន់ ណារី ជូនទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.) ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលាសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា៖គោលបំណងចម្បងនៃកម្មវិធីប្រគល់ទទួលគឺជាការប្រគល់-ទទួល តំបន់សេវាកម្ម ប្រព័ន្ធបណ្តាញផ្គត់ផ្គង់ទឹកស្អាត និងមធ្យោបាយតភ្ជាប់សេវាផ្គត់ផ្គង់ទឹកស្អាតដែលស្ថិតក្នុងសង្កាត់រកាខ្ពស់ ពីប្រតិបត្តិករ ចាន់ ណារី ជូនទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)។ ឯកឧត្តមបានពន្យល់អំពីសាវតាមួយចំនួនរបស់លោកស្រី ចាន់ ណារី, កត្តា ផ្លូវច្បាប់, តម្រូវការចាំបាច់សុខុមាលភាពប្រជាពលរដ្ឋ និងលទ្ធផលក្រុមការងារវាយតម្លៃការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងរបស់ប្រតិបត្តិករ មុននឹងក្រសួងសម្រេចចេញប្រកាសលេខ ០៣៤ និង០៣៥ ឧវបន.ទស.ប្រក ចុះថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការកែសម្រួលតំបន់សេវាកម្ម របស់ប្រតិបត្តិករ ចាន់ ណារី ដោយកាត់បន្ថយចំនួន៧ភូមិស្ថិតក្នុងសង្កាត់រការខ្ពស់ទាំងមូល ហើយប្រគល់ជូនទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)។ ឯកឧត្តម បានបន្តថាយោងតាមជំពូកទី៦ ប្រការ ២៤ នៃលក្ខខណ្ឌស្តង់ដារប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត លេខ០៩២ MIH / ២០១៩ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ អំពី “ការផ្ទេរសិទ្ធិនៅពេលបញ្ចប់ ឬដកហូតប្រកាសអនុញ្ញាត ចំនុច១. បានចែងថា “អ្នកកាន់ប្រកាសអនុញ្ញាតនឹងបាត់បង់ផលប្រយោជន៍ទាំងអស់របស់ខ្លួនដោយស្វ័យប្រវត្តិ ទៅលើប្រព័ន្ធមធ្យោបាយផលិតកម្ម និងប្រព័ន្ធចែកចាយដែលស្ថិតលើដីសាធារណៈ ឬដីឯកជនដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកកាន់ប្រកាសអនុញ្ញាត ដូច្នេះដើម្បីធានានិរន្តរភាពនៃសេវាផ្គត់ផ្គង់ទឹកស្អាត នាពេលនេះ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្របសម្រួល រៀបចំពិធីផ្ទេរ-ប្រគល់ ទទួលតំបន់សេវាកម្ម ប្រព័ន្ធបណ្តាញផ្គត់ផ្គង់ទឹកស្អាត និងមធ្យោបាយតភ្ជាប់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលស្ថិតក្នុងសង្កាត់រការខ្ពស់រវាង ប្រតិបត្តិករ ចាន់ ណារី និង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ.) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាសាក្សីផងដែរ៕

អត្ថបទទាក់ទង