រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាសាធារណៈ ដើម្បីពិគ្រោះយោបល់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធដល់ការបូមខ្សាច់សម្រួលចរន្តទឹក និងនាវាចរ ស្ថិតនៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល

  • 628
  • ដោយ Admin

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្ដាលអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងទន្លេបាសាក់ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល សូមរាយការណ៍មកអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ពីការបូមខ្សាច់ លើសម៉ោងកំណត់ បូមខុសទីតាំងដែលបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ដើម្បីឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញចាត់វិធានការលើក្រុមហ៊ុនបានទាន់ពេលវេលា។

នេះជាការអំពាវនាវរបស់ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក្នុងឱកាសឯកឧត្ដម អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ ដើម្បីពិគ្រោះយោបល់ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធដល់ការបូមខ្សាច់សម្រួលចរន្តទឹក និងនាវាចរ ស្ថិតនៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

ឯកឧត្ដមបន្តថា ការបូមស្ដារទន្លេនៅពេលនេះ មានគោលបំណង ដើម្បីសម្រួលចរន្តទឹកហូរ និងធានាការធ្វើចរាចរទៅមកបានរលូន ទាំងរដូវប្រាំង និងរដូវវស្សា និងអាចជៀសវាងបាននូវហានិភ័យដែលប៉ះពាល់ដល់ការបាក់ច្រាំង ទន្លេផងដែរ ។  ហើយវេទិកាផ្សព្វផ្សាយនៅពេលនេះ គឺឱ្យប្រជាពលរដ្ឋ បានយល់ច្បាស់ពីទីតាំងដែលត្រូវបូមស្ដារ និងពេលវេល។  ដោយការបូមស្ដារ គឺបូមចាប់ពីម៉ោង ៦ព្រឹក ទៅដល់ម៉ោង៦ល្ងាច គឺមិនអនុញ្ញាតឱ្យធ្វើការបូមលើសម៉ោងដែលបានកំណត់ឡើយ ហើយការបូមមិនអនុញ្ញាតឱ្យបូមនៅថេរមួយកន្លែងលើសពី៧ថ្ងៃឡើយ។ ក្នុងករណីមានការបូមខុសច្បាប់ ឯកឧត្ដមអភិបាលរងខេត្ត បានសំណូមពរឱ្យប្រជាពលរដ្ឋត្រូវរាយការណ៍ភ្លាមៗមកអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីមានវិធានការបានទាន់ពេលវេលា ហើយរាល់ការប្ដឹងរបស់បងប្អូនប្រជាពលរដ្ឋ គឺត្រូវបានរក្សាការសំងាត់។

ឯកឧត្ដមអភិបាលរងខេត្ត ក៏បានសំណូពរដល់ក្រុមហ៊ុន និងម្ចាស់ដេប៉ូដឹកខ្សាច់ទាំងអស់ ត្រូវគោរពអោយបាននូវលក្ខណៈបច្ចេកទេស ត្រូវបោះពោងសម្គាល់ទីតាំងឱ្យបានត្រឹមត្រូវ សាឡង់បូមខ្សាច់ត្រូវមានស្លាកលេខសម្គាល់ និងមានស្លាកសញ្ញាLOGO របស់ក្រុមហ៊ុន ហើយរាល់ការដឹកជញ្ជូនខ្សាច់តាមរថយន្ត ត្រូវគ្របឱ្យបានជិតជាប់គត់មត់ និងត្រឹមត្រូវស្របតាមសារាចលេខ ០៣១០ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ របស់ក្រសួងរ៉ែ និងថាមពល ស្ដីពីវិធានការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ។

ក្នុងវេទិកានេះដែរ មន្ទីររ៉ែ និងថាមពលខេត្ត បានជម្រាបជូនប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់អំពីការធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានទទួលយកសំណូមពរពីផលប៉ះពាល់មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរក្នុងសង្កាត់សិត្បូ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ។

បន្ទាប់ពីបញ្ចប់វេទិកានេះ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដែលបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់ បានលើកឡើងពីបញ្ហាប្រឈម ដូចជាការតទុយោខ្សាច់ តាមព្រែក ធ្វើឱ្យមានការគោករាក់ព្រែក មិនមានចរន្តទឹកឆ្លងកាត់ និងការដាក់បូមខ្សាច់ហួសម៉ោងកំណត់ របស់ដេប៉ូមួយកន្លែងផងដែរ។ ក្នុងនោះឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរក្រុងត្រូវធ្វើការអញ្ជើញក្រុមហ៊ុន ដើម្បីធ្វើកិច្ចសន្យា បញ្ឈប់ការបូងហួសម៉ោងកំណត់ និងត្រូវធ្វើការស្ដារព្រែកឱ្យមានចរន្តទឹកដូចដើមវិញផងដែរ។

អត្ថបទទាក់ទង