រសៀលថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អមដំណើរដោយក្រុមការងារគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រារព្ធពិធី ប្រគល់អំណោយមនុស្សធម៌ ពីព្រះឃោសធម្ម លន់ សុគន្ធា ព្រះវិន័យធម៌គណខេត្ត ព្រះអនុគណស្រុកខ្សាច់កណ្តាល និងជាព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ស្ថិតនៅវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។
អំណោយមនុស្សធម៌ដែលបានទទួលពីព្រះគ្រូចៅអធិការនារសៀលនេះមាន អង្ករ ៤១បាវ មី ៨២កេស ភេសជ្ជៈទឹកផ្លែឈើ ៨២កេស ទឹកសុទ្ធ ៨២កេស ទឹកត្រី ៤១កេស ទឹកស៊ីអ៊ីវ ៤១កេស និងថវិកាចំនួន ៨.២០០.០០០រៀល (ប្រាំបីលានពីររយរយពាន់រៀល)។
ក្នុងពិធីនេះមានការនិមន្ត និងចូលរួមពីព្រះគ្រូចៅអធិការទាំង៤១វត្ត នៅទូទាំងស្រុកខ្សាច់កណ្តាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរស្រុក និងលោកយាយជី លោកតាជី និង ប្រជាពុទ្ធបរិស័ទមួយចំនួនផងដែរ។
អំណោយដ៏ថ្លៃថ្លាទាំងនេះ ត្រូវបានក្រុមការងារ យកទៅរក្សាទុក សម្រាប់
ប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះដោយគ្រោះទូរភិក្ស និងគ្រួសារមានជីវភាពទីទ័លក្រ ស្របតាមគោលការណ៍ របស់កាកបាទក្រហមកម្ពុជា៕