ព្រឹកថ្ងៃអង្គារ ៤រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត នៅរដ្ឋបាលស្រុកកណ្តាលស្ទឹង។
ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់យោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជាការអនុវត្តន៍តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្សលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យក្រុមប្រឹក្សាខេត្ត ត្រូវរៀបចំវេទេកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង ស្រុកនានា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ(មាត្រា៩ នៃអនុក្រឹត្ស២១៦) និងក្រុមប្រឹក្សាក្រុង ស្រុកត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ សង្កាត់នានាក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ(មាត្រា៦៤ នៃអនុក្រឹត្យ២១៦) វេទិកានាពេលនេះ គឺជាលើកទី២ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្តាល។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត និងដើម្បីធានាថា៖
-រាល់បញ្ហាអទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប(បាន ឬមិនបាន) ប្រកបដោយហេតុផលច្បាស់លាស់
-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ បង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ រៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ តាមរយៈ៖
+ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធិផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្តន៍
+ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាព នៃការងារអភិវឌ្ឍសម្រាប់ឆ្នាំបន្តបន្ទាប់
+ផ្តល់ឱកាសជូនប្រជាជន ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា
+ផ្តល់ឱកាសជូនប្រជាពលរដ្ឋ លើកឡើងអំពីបញ្ហា សំណើ សំណូមពរ ដែលជួបប្រទះក្នុងជីវភាពរស់នៅ
+ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។
នាពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំង៣ នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មេឃុំ មេភូមិ នាយប៉ុស្តិ៍រដ្ឋបាល តំណាងអង្គការសង្គមស៊ីវិល សហគមន៍ សិបករ អជីវករ ព្រមទាំងប្រជាពលរដ្ឋប្រមាណ៤០០នាក់។