រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ពង្រឹងវិធានការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ និងពង្រឹងវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច និងអជ្ញាធរ ក្រុង-ស្រុកទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ត្រូវអនុវត្ត តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលជំងឺ កូវីដ-១៩ ដែលកំពុងរាតត្បាតចូលក្នុងសហគមន៍។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើឲ្យអជ្ញាធរ ត្រូវបន្តខិតខំអនុវត្ត វិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋ ឲ្យយល់ច្បាស់ នូវគោលបំណងនៃបទបញ្ជាដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះបង្ការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ ៣កុំ និង ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ជាងនេះទៅទៀតអជ្ញាធរត្រូវពន្យល់ណែនាំដល់ប្រជាពលរដ្ឋត្រូវនៅតាមផ្ទះរៀងៗខ្លួន កុំមានការជួបជុំមនុស្សច្រើន ពិសេសហាមដាច់ខាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងទៅស្រុកផ្សេង ឬធ្វើដំណើរឆ្លងខេត្តផ្សេងឡើយ ជាសវាងមានការឃាត់ទុកឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអាចជួបផលលំបាកផ្សេងៗទៀតផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានតំរូវឲ្យអជ្ញាធរតាមមូលដ្ឋានទាំងអស់  ត្រូវផ្អាកទីតាំងរមណីយដ្ឋានទេសចរណ៍ រួមមាន៖ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ ចល័ត ផ្សារទំនើប និងទីសាធារណៈដែលមានសភាពអ៊ូអរ មានមនុស្សជួបជុំក្នុងចំនួនច្រើនជាបណ្តោះអាសន្ន ក្នុងគោលបំណង បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំចូលក្នុងសហគមន៍។

បន្ថែមពីលើនេះឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរទាំង ១១ ក្រុង-ស្រុក ត្រូវរាយការណ៍ និងសុំយោបល់ រាល់សភាពការណ៍ដែលបានកើតឡើងក្នុងមូលដ្ឋានខ្លួនឲ្យបានច្បាស់លាស់ និងទាន់ពេល មកថ្នាក់ដឹកនាំខេត្តសំដៅធ្វើការដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយជាពិសេសឯកឧត្តមអភិបាលខេត្តបាន លើកទឹកចិត្តទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ត្រូវចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ដល់គ្រួសារដែលមានជីវភាពខ្វះខាត ឲ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

អត្ថបទទាក់ទង