រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ព្រះមង្គលទេពាចារ្យ វង្ស អានេតា និងព្រះអនុគណ ធម្មយុត្តិកនិកាយយទាំង ១០ក្រុង-ស្រុក ទទួលបានទេយ្យទាន ពីរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្ដាល៖  ឯកឧត្តម គង់ សោភ័ណ្ឌ  អភិបាល នៃគណៈអភិបាលខេត្ត កណ្តាល និងឯកឧត្តមអភិបាលរងខេត្ត មន្ត្រីរាជការ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកទេយ្យទាន  និងបច្ច័យមកប្រគេនដល់ សម្ដេចព្រះមង្គលទេពាចារ្យ វង់ អានីតា សម្ដេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្ដាល និងជាព្រះគ្រូចៅអធិការវត្តព្រះឥនសាមគ្គីធម៍ ដែលស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ជាមួយគ្នានេះដែរឯកឧត្តមក៏បាន ប្រគេននូវទេយ្យទានទាំងនោះ ដល់ព្រះអនុគណ ធម្មយុត្តិកនិកាយយទាំង ១០ក្រុង-ស្រុកផងដែរ ដើម្បីជាការជួយសម្រួលដល់ការផ្គត់ផ្គង់នូវចង្ហាន់សម្រាប់ព្រះសង្ឈ ក្នុងស្ថានភាពដែលប្រទេសកំពុងជួបវិបត្តិបង្កឡើងដោយជំងឺកូវីដ-១៩។

ព្រះមង្គលទេពាចារ្យ វង្ស អានេតា បានមានសង្ឃដីកា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការទាំងអស់ ដែលមានសិទ្ធាជ្រះថ្លា យកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខរបស់ព្រះសង្ឃ កំពុងតែជួបការលំបាក ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។

        ព្រះអង្គបានមានសង្ឃដីកាបន្តថា ពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា ព្រះសង្ឃមានជីវិត និងវត្តអារាមមានការរីកចម្រើនទៅបាន ដោយសារសប្បុរសជន និងពុទ្ធបរិស័ទចេះជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកដូច្នេះពេលប្រជាពលរដ្ឋជួបការលំបាក ខាងពុទ្ធចក្រក៏ត្រូវជួយដល់ប្រជាពលរដ្ឋវិញផងដែរ។

         ព្រះអង្គ ក៏បានមានសង្ឃដីកាឲ្យដឹងដែរថា ខេត្តកណ្ដាលមានវត្តចំនួន ៣៥៧វត្ត មានព្រះសង្ឃ ៥៩៨០អង្គ ដោយក្នុងនោះមានវត្តគណធម្មយុត្ដិកនិកាយចំនួន ៣១វត្ត និងមានព្រះសង្ឃចំនួន ៣៦៣អង្គ និងដោយឡែកសម្រាប់ស្រុកអង្គស្នួលមាន  វត្តគណៈធម្មយុត្តិកនិកាយចំនួន ៤វត្ត និងមានព្រះសង្ឃចំនួន ១៤១អង្គ។

      ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល  បានធ្វើការអំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត និងព្រះសង្ឃទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវលាងសម្អាតដៃជានិច្ចជាមួយសាប៊ូ អាកុល ឬជែល ត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម។

      ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួម វាយស្គរ នៅក្នុងវត្តព្រះឥនសាមគ្គីធម៍ តបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន  ដែលបានស្នើឲ្យគ្រប់វត្តអារាមទាំងអស់ ទូងស្គរ វាយជួង ព្រមៗគ្នាទូទាំងប្រទេស ក្នុង១ថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ត្រូវគោរពតាមវិធានការណ៍  «៣ ការពារ និង ៣កុំ»ជានិច្ចឲ្យបានគ្រប់ៗគ្នា។ 

        សូមបញ្ជាក់ថា ទេយ្យទាន ដែលឯកឧត្តមអភិបាលខេត្តប្រគេនដល់ ព្រះមង្គលទេពាចារ្យ វង្ស អានេតា រួមមាន÷ អង្ករ ៤តោន មី ៥០កេស ទឹកត្រី ១៥យួ ទឹកស៊ីអ៊ីវ ១៥យួ ត្រីខ ៣០យួ ទឹកសុទ្ធ ៣០កេស អាកុល ២កាន ម៉ាស ២កេស ត្រីងៀត ៥គីឡូ និងថវិកា  ៨លានរៀល។ ដោយឡែកសម្រាប់អនុគណ គណៈធម្មយុត្តិកនិកាយទាំង ១០ ក្រុង-ស្រុក រួមមាន÷ ក្រុងតាខ្មៅស្រុកមុខកំពូល ស្រុកអង្គស្នួល ស្រុកញាឮ ស្រុកល្វាឯម ស្រុកកោះធំ ស្រុកស្អាង ស្រុកលើកដែក ស្រុកកណ្ដាលស្ទឹង និងស្រុកកៀនស្វាយ ក្នុងមួយក្រុង-ស្រុកទទួលបាន អង្ករ ២តោន ត្រីខ ១០យួរ ត្រីងៀត ៥គីឡូ អាកុល ១កានម៉ាស ១កេស និងថវិកា ១លានរៀល។

អត្ថបទទាក់ទង