ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈនៅទីតាំងសម្រាប់ឲ្យបងប្អូនអាជីវករផ្សារតាខ្មៅ លក់ដូរជាបណ្ដោះអាសន្ន ស្ថិតនៅកីឡដ្ឋានខេត្តកណ្ដាល ក្រុងតាខ្មៅ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ តាមសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម តាំង ម៉េងលាន បានធ្វើការណែនាំ ដល់អាជីវករ ដែលកំពុងលក់ទំនិញទាំងអស់ ត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវពាក់ម៉ាស និងលាងដៃជាមួយអាលកុលឲ្យបានញឹកញាប់ ត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរបានកំណត់ឲ្យ ជាពិសេសត្រូវមានសណ្តាប់ធ្នាប់ល្អក្នុងពេលលក់ដូរ លក់តែទំនិញណាដែលមានការចាំបាច់ដូចជា ត្រី សាច់ជាដើម ខាច់ខាត់ត្រូវស្តាប់តាមការបញ្ជាណែនាំរបស់អាជ្ញាធរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្តក៏បានណែនាំ ដល់ប្រជាពលរដ្ឋដែលមកទិញទំនិញ ក៏ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាលផងដែរ ត្រូវទិញទំនិញឲ្យបានលឿនឆាប់ត្រឡប់ទៅផ្ទះវិញ និងកុំមកមនុស្សច្រើនពេក ។