ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ជីន យ៊ុន ដែលទីតាំងស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានកោតសរសើរចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ជីន យ៊ុន ដែលបានចូលរួមផ្ដល់ជាថវិកា និងសម្ភារៈ ជូនដល់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុកកោះធំ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវិដ-១៩ ។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការផ្ដល់នូវសម្ភារៈ និងថវិកា គឺជាការចូលរួមមួយដ៏សំខាន់ ក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ និងបានជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវិដ-១៩ ផងដែរ ។អំណោយដែលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចឧស្សាហកម្ម ជីន យ៊ុន ប្រគល់ជូនរដ្ឋបាលខេត្ត រួមមាន ទឹកអាកុលចំនួន ១០០កាន ម៉ាស់ចំនួន ៥០.០០០ អាវពេទ្យចំនួន ១០កេស និងថវិកាចំនួន ១២០.០០០ដុល្លារ ។
សូមបញ្ជាក់ថា ថវិកាចំនួន ១២០.០០០ដុល្លារ គឺសម្រាប់ការកសាងមន្ទីរពេទ្យ ការផ្គាត់ផ្គង់លើម្ហូរអាហារអ្នកធ្វើចត្តាឡីស័ក និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក្នុងស្រុកកោះធំ ។