ខេត្តកណ្តាល៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម នៃ ចារី ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះមកធ្វើការសម្របសម្រួល ផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុកអង្គស្នួល និងស្រុកមុខកំពូល ក្នុងការគិតគូររៀបចំទីតាំងត្រៀមសម្រាប់ធ្វើចត្តាឡីស័ក និងគ្រប់គ្រងសភាពការណ៍ នៃការផ្ទុះរាលដាលវីរុសកូវីដ-១៩ នៅក្នុងរោងចក្រចំនួន០២ គឺរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងរោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ស្ថិតក្នុងស្ថានភាពនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រោងចក្រទាំងពីរខាងលើ នឹងត្រូវផ្អាកដំណើរការសង្វាក់ផលិតកម្មជាបណ្តោះអាសន្ន ហើយបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវតាមដានសុខភាព និងផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ និងអាជ្ញារមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ក្នុងអំឡុងពេលនៃការផ្អាកការងារនេះ រដ្ឋបាលស្រុក និង ម្ចាស់រោងចក្រ ត្រូវសហការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមអាគារផលិតកម្មនានា និងតាមបរិវេណក្រៅរោងចក្រ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានជម្រុញដល់ទាំងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយ និងណែនាំ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ត្រូវបន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍អនាម័យរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ ទើបពួកយើងអាចកាត់ផ្តាច់សង្វាក់នៃការឆ្លងរាលដាល និងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នេះកាន់តែឆាប់ ដើម្បីឱ្យស្ថានភាពប្រទេសរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ។
សូមជម្រាបថា ខណៈនេះក្រុមគ្រូពេទ្យ ០២ក្រុមកំពុងដុតដៃដុតជើងយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់ ដោយប្រើប្រាស់ឧបករណ៍តេស្តសំណាក Rapid Test ដើម្បីប្រាកដថា កម្មករនិយោជិតជាច្រើននាក់ទៀត ដែលមានការជាប់ពាក់ព័ន្ធដោយប្រយោល ពុំមានវីរុសកូវីដ-១៩ ជាលទ្ធផលបឋមក្រុមគ្រូពេទ្យបានរកឃើញ កម្មករ កម្មការិនីចំនួន ២១នាក់ វិជ្ជមានជំងឺកូវីដ-១៩ និងមានកម្មករនិយោជិតចំនួន ២២៥ នាក់ទៀតមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ព្រមទាំងកម្មករនិយោជិតចំនួន ៧១៨នាក់ ពាក់ព័ន្ធដោយប្រយោល លើចំនួនកម្មករនិយោជិតសរុប ចំនួន ៩៦៣នាក់ រីឯរោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញ ឯណោះ វិជ្ជមាន ០១ករណី និងកម្មករ និយោជិតប្រមាណ ៧០នាក់ផ្សេងទៀតជាប់ពាក់ព័ន្ធដោយផ្ទាល់។