ខេត្តកណ្តាល ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងជូនមករដ្ឋបាលខេត្តកណ្ដាល ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ក្នុងក្រុងតាខ្មៅ នៅខេត្តកណ្តាល ។
ថ្លែងក្នុងឪកាសនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់រដ្ឋបាលខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ដែលកំពុងជួបការលំបាក ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បន្តថា ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើ ពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១នៅក្នុងខេត្តកណ្ដាល និងបានបង្ហាញឱ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចជាកាល ព្រះអង្គតែងតែបរិច្ចាគនូវទ្រព្យធន និងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋ ទីទ័លក្រនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល បានទទួលព្រះរាជអំណោយ រួមមាន អង្ករ ៦៥តោន ទឹកសុទ្ធចំនួន ៦៥០កេស មី ចំនួន ២,៣០០កេសតូច ម៉ាស់ ចំនួន ១២,០០០បន្ទះ ត្រីខ ចំនួន ២,៣០០យួរ ។