ខេត្តកណ្ដាល៖ ដោយមើលឃើញពីការខ្វះខាត និងទុក្ខលំបាកជាក់ស្ដែងរបស់ព្រះសង្ឃ នៅក្រុងតាខ្មៅ ស្ថិតក្នុងកាលៈទេសៈដែល ខេត្តកណ្ដាលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវបានបិទខ្ទប់ រយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកនូវទេយ្យទាន រួមមានអង្ករ ត្រីខ ទឹកសុទ្ធ និងបច្ច័យ មួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន១៦វត្ត ក្នុងក្រុងតាខ្មៅ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលរដ្ឋបាលខេត្តកណ្ដាលក៏ដូចជាទូទាំងប្រទេស កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់មិនអនុញ្ញាត ឱ្យបងប្អូនប្រជាពលរដ្ឋ ចេញក្រៅផ្ទះឡើយ ក្នុងនោះព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានាក្នុងក្រុងតាខ្មៅ ក៏ប្រឈមទៅនឹងការខ្វះខាតនៅចង្ហាន់ ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាលយកចិត្តទុកដាក់ ជួយទំនុបបំរុង ដើម្បីទប់ស្កាត់នូវការខ្វះខាតចំពោះមុខបច្ចុប្បន្ន។ ក្នុងពិធីប្រគេននូវទេយ្យទាន ព្រះសង្ឃគ្រប់ព្រះអង្គទាំង១៦ វត្ត បានរៀបចំពិធីប្រោះព្រំឧទ្ទិសបួងសួង ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល អោយចៀសផុតនូវជំងឺដ៏កាចសាហាវមួយនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ទេយ្យទានដែលរដ្ឋបាលខេត្តកណ្ដាល ប្រគេនជូនព្រះសង្ឃទាំង១៦ ទាំងអស់មាន៖ អង្ករចំនួន ២៨.៥តោន ទឹកសុទ្ធចំនួន១២០កេស ត្រីខចំនួន១០០កេស និងបច្ច័យ១៦លានរៀល។