ខេត្តកណ្តាល ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម នៃ ចារី និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត និងក្រុមការងារពាក់ព័ន្ធ បាន បើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាជាមួយតំណាងរោងចក្រចំនួន ៥រោងចក្រ ដែលមានបងប្អូនកម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលភាគច្រើនជាករណីការធ្វើដំណើរទៅធ្វើមកធ្វើការរួមគ្នា ដែលមានអាស័យដ្ឋាន ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។តំណាងរោងចក្រដែលមានវត្តមានក្នុងកិច្ចប្រជុំនាព្រឹកនេះមាន៖ ១-រោងចក្រ សាន់ ប៊េស ២-រោងចក្រ ហ្គ្រេន អូរៀនថល ៣-រោងចក្រ VANCO ៤-រោងចក្រ CAMAPI ៥-រោងចក្រ ANDER Sen។ក្នុងស្រុកអង្គស្នួលមាន ១១៦រោងចក្រ ដោយមានបងប្អូន កម្មករ កម្មការិនី និយោជិតបម្រើការងារ ប្រមាណជាង ៦ម៉ឺននាក់។ជាលទ្ធផល នៃកិច្ចពិភាក្សា រវាងរដ្ឋបាលស្រុក និងតំណាងរោងចក្រទាំង ៥ គឺ យើងបានព្រមព្រៀងឯកភាពគ្នា ដោយត្រូវយកសំណាក បងប្អូនកម្មករ និយោជិត ទាំងអស់ធ្វើតេស្ត ដោយប្រើឧបករណ៍ Rapid Test ជាបន្ទាន់ ទៅលើ ផ្នែកសំខាន់ៗ ដែលប្រឈមហានិភ័យខ្ពស់ ចំនួន ២០% នៃចំនួនកម្មករនិយោជិតសរុប ក្នុងនោះ មាន៖ ផ្នែកសន្តិសុខ អ្នកគ្រប់គ្រង អ្នកបើកបរថយន្ត ក្រុមអ្នកជិះឡានរួមគ្នាច្រើន។ ចំពោះមុខក្នុងករណីរកឃើញមានវិជ្ជមានកូវីដ-១៩ នៅក្នុងរោងចក្រ គឺត្រូវដាក់ព្យាបាលពួកគាត់ នៅក្នុងរោងចក្រផ្ទាល់តែម្តង ចំណែកឯ អ្នកប៉ះពាល់ផ្ទាល់ ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងសម្រាប់អ្នកស្នាក់នៅផ្ទះជួល ប៉ុន្តែសម្រាប់អ្នកមានអាសយដ្ឋាននៅខេត្ត ស្រុក ឃុំណា នឹងត្រូវបញ្ជូនឱ្យធ្វើចត្តាឡីស័ក នៅខេត្ត ស្រុក ឃុំ នោះសម្រាប់គ្រប់គ្រងបន្ត។ជាងនេះទៅទៀត ក្នុងករណី បើរកឃើញអ្នកវិជ្ជមាន ៥% នៃចំនួនកម្មករសរុប នឹង សំរេចបិទរោងចក្រ ជាបណ្ដោះអាសន្នតែម្តង៕
- កណ្តាល
- ខេត្តកណ្តាល
- ជំងឺកូវីដ១៩
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- ព្រឹត្តិការណ៍
- រដ្ឋបាលខេត្ត
- រដ្ឋបាលស្រុកអង្គស្នួល